Connect with us

កីឡា

លោក Munoz សរសើរ សារ៉េត គ្រីយ៉ា មិនដាច់ពីមាត់តាំងពីរដូវកាលមុនរហូតដល់​ឥឡូវ

បានផុស

នៅ

អតីតគ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បាន​ពេញចិត្តថ្លើមលើសមត្ថភាពរបស់ខ្សែការពារសារ៉េត គ្រីយ៉ា ជាខ្លាំង ដោយលោកតែងតែលើកសរសើរពីខ្សែការពារជម្រើសជាតិ កម្ពុជា រូបនេះមិនដាច់ពីមាត់ ពោលតាំងពីរដូវកាលមុន មកដល់រដូវកាលនេះ។

កីឡាករសារ៉េត គ្រីយ៉ា និងមិត្តរួមក្រុម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ៉េត គ្រីយ៉ា បានក្លាយជាខ្សែការពារដ៏រឹងមាំម្នាក់របស់ ព្រះខ័នរាជស្វាយរៀង តាំងពីរដូវកាលមុនៗ​ ក្រោមការដឹកនាំរបស់លោក Pep Munoz រហូតមកដល់រដូវកាល ២០២៥-២០២៦ កំពុងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្គោលលោក Matthew McConkey។

ខ្សែការពារជម្រើសជាតិ កម្ពុជា វ័យ ៣០ ឆ្នាំរូបនេះ តែងតែស្ថិតនៅក្នុងជម្រើសដំបូងរបស់ក្រុម ហើយចំណុចដ៏ពិសេសមួយទៀត ដ្បិតកីឡាករលេងតួនាទីជាខ្សែការពារក៏ពិតមែន ប៉ុន្តែឧស្សាហ៍រកបានបានគ្រាប់បាល់ជាញឹកញាប់។ ជាក់ស្តែង កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មេសា កន្លងទៅ គ្រីយ៉ា ទើបតែបានរួមចំណែករកបាន ១ គ្រាប់ ជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុម Manila Digger ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League។

កីឡាករសារ៉េត គ្រីយ៉ា ទល់នឹងក្រុម Manila Digger

ក្រោយ សារ៉េត គ្រីយ៉ា បង្ហាញសមត្ថភាពយ៉ាងល្អ ដោយជួយការពារទីរបស់ក្រុម និងរួមចំណែករកបានគ្រាប់បាល់ផងនោះ បានធ្វើឱ្យលោក Pep Munoz បញ្ចេញមតិសរសើររូបគេនៅលើបណ្តាញសង្គម Instagram ដូច្នេះ ថា៖ «មិនអាចបញ្ឈប់គេបានទេ។ គាត់អាចសម្រេចស្នដៃទាំងឡាយណា ដែលគាត់ចង់បាន។ នេះជាវីរបុរសបាល់ទាត់កម្ពុជា ដែលកំពុងបន្តមានវត្តមាន»។

កីឡាករសារ៉េត គ្រីយ៉ា និងមិត្តរួមក្រុម

ការលើកសរសើរនេះ មិនមែនជាលើកទី ១ នោះទេសម្រាប់លោក Munoz ខណៈនៅរដូវកាលមុន អំឡុងពេលនៅដឹកនាំ ព្រះខ័នរាជស្វាយរៀង លោកក៏​បាន​សរសើរពីសមត្ថភាពរបស់ សារ៉េត គ្រីយ៉ា ផងដែរ បន្ទាប់ពីឈ្នះ អង្គរថាយហ្គឺរ​ ៤-២ ក្នុងលីគកំពូល កម្ពុជា នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤។ នៅពេលនោះ គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ បានសរសើរ គ្រីយ៉ា ថាលេងដូចសត្វព្រៃ ដោយសារ រូបគេលេងមិនហត់ ហើយអាចលេងការពារផង និងជួយក្រុមប្រយុទ្ធផង។

លោកបានមានប្រសាសន៍ ថា៖ «បាទ គាត់លេងជាមួយកម្រិតដ៏ល្អ។ យើងប្រើប្រាស់ គ្រីយ៉ា ដូចជាសត្វព្រៃ មិនថាការវាយលុក ការពារ ឬរកគ្រាប់បាល់។ […] គាត់បានលេង ៩០ នាទីក្នុងការប្រកួតដំបូងជាមួយក្រុមជម្រើសជាតិ ហើយក៏ ៩០ នាទីទៀតក្នុងការប្រកួតទីពីរថ្ងៃនេះ។ ខ្ញុំបានប្ដូរគាត់ចេញ ព្រោះខ្ញុំចង់ស្វែងរកជម្រើសវាយលុកគួរប្រកួតបន្ថែម ប៉ុន្តែមិនមែនដោយសារគាត់មិនអាចបន្តលេងបានទេ»។

លោក Pep Munoz

គួរឱ្យដឹង ថា នៅរដូវកាលនេះ សារ៉េត គ្រីយ៉ា បានក្លាយជាកម្លាំងស្នូលនៅតំបន់ការពារដ៏សំខាន់សម្រាប់ ព្រះខ័នរាជស្វាយរៀង។ រូបគេកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យ ព្រះខ័នរាជស្វាយរៀង ចូលរួមប្រជែងពានដល់ទៅ ៥ ផ្សេងគ្នាទាំងក្នុងស្រុក និងអន្តរជាតិ។

នៅ​រដូវ​កាល​នេះ ព្រះខ័នរាជស្វាយរៀង បានលើកពាន ២ ហើយរួមមានពាន Cambodian Super Cup និង Cambodian Premier League។ ទន្ទឹមនឹងនេះ ពួកគេកំពុងបន្តស្ថិតលើផ្លូវប្រជែងពាន ២ ទៀតរួមមានពានសម្តេចតេជោ និង AFC Challenge League៕

ក្រុម ព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម