Connect with us

កីឡា

សប្បាយភ្នែក! ក្រុមបាល់ទាត់កម្ពុជា មានកាលវិភាគប្រកួតអន្តរជាតិ ៥ ខែជាប់គ្នា

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា មានក្រុមធំ និងយុវជនអាយុក្រោម ២០ ឆ្នាំ មានភាពមមារញឹកនាពាក់កណ្តាលឆ្នាំ ២០២៦ ដោយរយៈពេល ៥ ខែជាប់គ្នា ចាប់ពីខែ មិថុនា ដល់ខែ តុលា មានកាលវិភាគប្រកួតជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមធំដៃទី ១ នៃជម្រើសជាតិ កម្ពុជា បានស្ងប់ស្ថាត់ការប្រកួតតាំងពីខែ វិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីប្រកួតមិត្តភាពទល់នឹងក្រុមចិនហុងកុង ខណៈថ្មីៗនេះទើបតែមានដំណឹងជាថ្មី ថា គោព្រៃ កម្ពុជា នឹងមានការប្រកួតមិត្តភាពចំនួន ២ ប្រកួតនៅខែ មិថុនា ឆ្នាំ ២០២៦។

ជម្រើសជាតិ កម្ពុជា នឹងមានការប្រកួតមិត្តភាពកម្តៅសាច់ដុំ ២ ប្រកួតនៅពហុកីឡដ្ឋានជាតិ អូឡាំពិក នាខែ មិថុនា ខាងមុខ ដោយ នៅថ្ងៃទី ៤ ត្រូវប្រកួត​ទល់នឹងក្រុមជម្រើសជាតិ ប៊ូតាន​ និង​មួយប្រកួតទៀត នៅថ្ងៃទី ៩ ត្រូវជួបក្រុមជម្រើសកោះ ហុងកុង។

ស្លេះពីការប្រកួតមិត្តភាព ឈានចូលថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦ ក្រុមគោព្រៃ នឹងត្រូវប្រកួតវគ្គជម្រុះក្នុងពូលនៃពាន ASEAN Championship 2026 ដែលស្ថិតនៅពូល A ជាមួយ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងក្រុមជម្រុះ playoff រវាង ប្រ៊ុយណេ និងទីម័រខាង​កើត។ ប្រសិនបើជាប់ក្នុងវគ្គជម្រុះក្នុងពូលនេះ នោះ កម្ពុជា នឹងមានការប្រកួតបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦។

ក្រោយបញ្ចប់ពាន ASEAN Championship 2026 ក្រុមជម្រើសជាតិ​ កម្ពុជា មិនទាន់អស់កាលវិភាគប្រកួតនោះទេ ដោយនឹងត្រូវចូលរួមប្រកួតពានទើបបង្កើតថ្មី FIFA ASEAN Cup 2026។ តាមការគ្រោងទុក ពាននេះនឹងធ្វើនៅចំ​ថ្ងៃ FIFA Day ដែលនឹងប្រកួតនៅខែ កញ្ញា និង តុលា ឆ្នាំ ២០២៦។

ដោយឡែកក្រុមយុវជនអាយុក្រោម ២០ ឆ្នាំវិញ នឹងមានការប្រកួតនៅក្នុងទឹកដី កម្ពុជា ផ្ទាល់តែម្តង បន្ទាប់ពីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលសម្រាប់ពានរង្វាន់ AFC U20 Asian Cup China 2027 ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

គួរបញ្ជាក់ ថា នេះគឺជាកាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិ កម្ពុជា កម្រិតទី ១ និងក្រុមយុវជនអាយុក្រោម ២០ ឆ្នាំ ដែលត្រូវប្រកួតពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២៦។ យ៉ាងណា ឈានចូលខែ វិច្ឆិកា ក៏មានថ្ងៃ FIFA Day ដែរ ដូច្នេះ កម្ពុជា ក៏អាចមានការប្រកួតទៀតដែរ ប្រសិនបើសហព័ន្ធបាល់ទាត់កម្ពុជា អញ្ជើញ ឬត្រូវបានអញ្ជើញពីក្រុមជម្រើសជាតិផ្សេង ដើម្បីប្រកួតមិត្តភាព៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម