កីឡា
លោក Pep Muñoz ប្រាប់រឿងត្រូវប្រុងប្រយ័ត្នបំផុត ព្រះខ័នរាជស្វាយរៀង ប៉ះ Kuwait SC
លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង កំពុងចាប់អារម្មណ៍ខ្លាំងចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុម Kuwait SC នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅប្រទេសគុយវ៉ែត។

លោកបានគិតថា ក្រុម Kuwait ក្នុងនាមជាម្ចាស់ផ្ទះ ប្រាកដជាចាប់ផ្តើមការប្រកួតដោយទំនុកចិត្ត ប៉ុន្តែព្រះខ័នរាជស្វាយរៀង មានលក្ខណៈពិសេសនៃការលេងផ្ទាល់ខ្លួន។
លោក Pep Muñoz បានប្រាប់«កម្ពុជាថ្មី»ថា ៖«វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមទាំងពីរសុទ្ធតែធ្លាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រដូចគ្នាកាលពីមុន ដូច្នេះពួកគេមានអារម្មណ៍បែបណាក្នុងវគ្គផ្តាច់ព្រ័ត្ររួចទៅហើយ។ ក្រុម Kuwait ជាម្ចាស់ផ្ទះ ច្បាស់ណាស់ ពួកគេនឹងចាប់ផ្តើមការប្រកួតពោរពេញដោយទំនុកចិត្តជាង ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង នឹងព្យាយាមលេងតាមស្ទីលរបស់ខ្លួន។ របៀបលេងផ្ទាល់ខ្លួននោះហើយជាអាវុធដ៏ល្អបំផុត»។

គ្រូបង្វឹករបស់ក្លិប Bengaluru នៃលីគកំពូលឥណ្ឌា បច្ចុប្បន្ន បានលើកឡើងទៀតថា ៖«ការគ្រប់គ្រងបាល់គឺសំខាន់ ប៉ុន្តែការធ្វើប្រុងប្រយ័ត្នមិនឲ្យកើតមានកំហុស និងការបញ្ចប់ទីឲ្យច្បាស់ជារឿងរឹតតែសំខាន់។ ក្រុម Kuwait មានកីឡាករបរទេសល្អ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង ជាក្រុមមួយ ដែលមានរបៀបលេងផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេអាចគ្រប់គ្រងការប្រកួត និងបង្កើតឱកាសដើម្បីរកគ្រាប់បាល់ ប៉ុន្តែរឿងសំខាន់មួយដែលត្រូវប្រុងប្រយ័ត្នមែនទែនគឺ មិនត្រូវបណ្តោយឲ្យ Kuwait វាយបកបានដាច់ខាត»។
ក្រុមទាំងពីរមានកំណត់ត្រាមិនទាន់ចាញ់ដូចគ្នាក្នុងពានរង្វាន់អាស៊ី រដូវកាលនេះ មុនពេលជួបគ្នាវគ្គផ្តាច់ព្រ័ត្រ។ ចំនួន ៧ ប្រកួតកន្លងទៅ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៥ និងស្មើ ២ គឺ ឈ្នះ ២ និងស្មើ ១ នៅវគ្គសន្សំពិន្ទុក្នុងពូល, នៅវគ្គ ៨ ក្រុមចុងក្រោយ បានឈ្នះ ភ្នំពេញក្រោន ៤-១ ជើងទី១ និងឈ្នះ ២-១ ជើងទី២ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្មើក្រុម Manila Digger ១-១ ជើងទី១ និងជើងទី២ ឈ្នះ ៣-០។

ចំណែកក្រុមរបស់គុយវ៉ែត ឆ្លងកាត់ ៥ ប្រកួតកន្លងមកគឺឈ្នះ ៤ និងស្មើ ១ ក្នុងនោះឈ្នះ ២ និងស្មើ ១ នៅវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេបានឈ្នះក្រុម Al Shabak ដោយលទ្ធផល ៥-៣ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានឈ្នះក្រុម Muras United ដោយលទ្ធផល ២-១ ដើម្បីឡើងជួប ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ។ ពួកគេមានការប្រកួតតិចជាង ព្រះខ័នរាជស្វាយរៀង ២ ប្រកួត ដោយសារមានការប្រកួតតែ ១ ជើង ក្នុងវគ្គ ៨ ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ការប្រកួត ធ្វើនៅម៉ោង ១១:៤៥នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅប្រទេសគុយវ៉ែត៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


