ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ជួបមនុស្សជំនិតរបស់ត្រាំ ត្រៀមរៀបចំផែនការសន្តិភាពធំ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសដោយក្តីសង្ឃឹមខ្ពស់កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ជុំវិញលទ្ធផលដ៏ផ្អែមល្ហែមនៃកិច្ចពិភាក្សាជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner ដែលត្រូវជាកូនប្រសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

តាមការផ្សាយរបស់ France24 លោក ហ្សេលេនស្គី បានកោតសរសើរមិនដាច់ពីមាត់ ចំពោះការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអាមេរិក ក្នុងការលូកដៃជួយដោះស្រាយ និងបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ឱ្យចេញជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារនៅលើគណនី Telegram ទាំងអារម្មណ៍រំភើបថា វាគឺជាកិច្ចសន្ទនាដ៏មានផ្លែផ្កា និងវិជ្ជមានបំផុត។ លោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកជនអាមេរិកទាំងពីររូប ដែលបានប្តេជ្ញាចិត្តចូលខ្លួនមកធ្វើការងារយ៉ាងសកម្មបំផុត ចាប់ពីពេលនេះតទៅ ដើម្បីជំរុញយន្តការការទូតឱ្យកាន់តែលឿន សំដៅបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន។
ការទម្លាយសារផ្អែមល្ហែមនេះ បានធ្វើឡើងខណៈពេលដែលលោក ហ្សេលេនស្គី កំពុងធ្វើដំណើរត្រឡប់មកទីក្រុងកៀវវិញ បន្ទាប់ពីលោកបានបញ្ចប់កិច្ចចរចាដ៏សំខាន់នៅទីក្រុងឡុងដ៍ ជាមួយមេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្វែងរកច្រកចេញនៃសង្គ្រាមដែលបានអូសបន្លាយពេលអស់រយៈពេលជាង ៤ឆ្នាំមកនេះ។ ក្នុងជំនួបនៅអឺរ៉ុបនោះ មេដឹកនាំទាំងបីប្រទេស បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះសំណើដែលចង់ឱ្យមានជំនួបពិភាក្សាផ្ទាល់រវាងលោក ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងបំណងស្វែងរកបទឈប់បាញ់ ហើយបណ្តាប្រទេសអឺរ៉ុបក៏នឹងចូលរួមចំណែកដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះផងដែរ។
កន្លងមក កិច្ចចរចាសន្តិភាព ដែលមានអាមេរិកជាអ្នកសម្របសម្រួល ក្រោមការដឹកនាំរបស់លោក Witkoff និងលោក Kushner មានភាពគាំងស្ទះ និងមិនទៅមុខទាល់តែសោះ ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានងាកទៅផ្តោតអារម្មណ៍ខ្លាំងលើជម្លោះដ៏ក្តៅគគុក នៅក្នុងប្រទេសអ៊ីរ៉ង់វិញ។ ជុំវិញបញ្ហានេះ លោក ហ្សេលេនស្គី បានបង្ហើបថា លោកពិតជាយល់ច្បាស់ថា ខណៈពេលនេះខ្សែភ្នែកពិភពលោកទាំងមូល កំពុងសម្លឹងទៅរកប្រទេសអ៊ីរ៉ង់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គោលដៅរួមក្នុងការបង្កើតសន្តិភាពនៅលើទឹកដីអឺរ៉ុប ក៏ត្រូវតែស្ថិតនៅលើតុចរចាជានិច្ចដែរ។ ជាមួយគ្នានេះ លោក និងបេសកជនអាមេរិក ក៏បានជជែកគ្នាពីឱកាស និងលទ្ធភាពនៃការជួបចរចាបន្ថែមនៅក្នុងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខ នៅក្នុងទីក្រុងរមណីយដ្ឋាន អេវីយ៉ង់ (Evian) នៃប្រទេសបារាំង ព្រមទាំងបានអរគុណអាមេរិក ដែលបានផ្តល់តម្លៃ និងវាយតម្លៃខ្ពស់ចំពោះជំហររបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


