Connect with us

កីឡា

សៀង ចន្ធា សោកស្ដាយដែលអវត្តមានប្រធានក្រុម ទេស សម្បត្តិ ពីក្រុម U23 កម្ពុជា ទៅចូលរួមស៊ីហ្គេម

បានផុស

នៅ

ប្រធានក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ កីឡាករ ទេស សម្បត្តិ នឹងខកខានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាខែក្រោយនេះ បន្ទាប់ពីទទួលរងរបួសកជើង ខណៈជាមួយគ្នានេះអតីតមិត្តរួមក្រុម ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានសម្ដែងការសោកស្ដាយដែលបានបាត់បង់ប្រធានក្រុមដ៏រឹងមាំនៅតំបន់ការពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេស សម្បត្តិ បានរងរបួសកជើងខាងឆ្វេង ក្នុងពេលប្រកួតជាមួយគីរីវង់សុខសែនជ័យ កាលពីជំនួបសប្ដាហ៍ទី៣ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ខណៈគ្រូពេទ្យបានបញ្ជាក់ថារូបគេនឹងត្រូវសម្រាកប្រហែលជាលើស ៣សប្ដាហ៍ទៀត (គិតត្រឹមសប្ដាហ៍មុន) គ្រាដែលស៊ីហ្គេម ២០២២ នឹងមកដល់នៅអំឡុង ១សប្ដាហ៍ខាងមុខនេះ ដែលជាហេតុធ្វើឲ្យរូបគេពុំអាចជាទាន់ពេលវេលាឡើយ។ ដែលនាំឲ្យប៉ះពាល់ដល់កជើងខាងឆ្វេងនេះ គឺបន្ទាប់ពីរូបគេលោតតែតនិងធ្លាក់ជើងខុសបច្ចេកទេស។

ជុំវិញបញ្ហានេះ សៀង ចន្ធា បានប្រាប់ ‘កម្ពុជាថ្មី’ យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ហើយនឹងក្រុមពិតជាមានការសោកស្ដាយ ដោយសារតែយើងបាត់បងខ្សែការពារល្អម្នាក់ ហើយគាត់ក៏ជាប្រធានក្រុមជម្រើសជាតិ អ៊ីចឹងវាធ្វើឱ្យយើងមានការសោកស្ដាយមួយដែរ ហើយវាក៏អាចធ្វើឱ្យប៉ះពាល់អារម្មណ៍យើងដែរ ដោយសារតែយើងបាត់ខ្សែការពារមួយ។» 

«ប៉ុន្តែខ្ញុំគិតថាបាល់ទាត់គឺបែបនេះ ដោយសារតែពេលខ្លះយើងមើលមិនឃើញពីរបួសរបស់យើង អ៊ីចឹងយើងសង្ឃឹមថានឹងមានខ្សែការពារជាច្រើនទៀតដែលអាចជំនួសកន្លែងគាត់បាន ហើយក៏ជូនពរឱ្យគាត់ឆាប់ជាពីរបួស។» កីឡាកររបស់ក្លិបបឹងកេតរូបនេះបានបន្ថែម

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំង U23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ខណៈ សៀង ចន្ធា ក៏ត្រូវបានគេរំពឹងថាជាប់ឈ្មោះក្នុងបញ្ជីកីឡាករ ២០នាក់ចុងក្រោយផងដែរ គ្រាដែលបច្ចុប្បន្នកំពុងប្រមូលផ្ដុំហ្វឹកហាត់ជាមួយកីឡាករ ២៥នាក់ផ្សេងទៀត ក្រោមការដឹកនាំផ្ទាល់ដោយ លោក Keisuke Honda និងគ្រូបង្វឹក លោក Ryu Hirose៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម