កីឡា
ក្រុមបាល់ទះកម្ពុជា គ្រោងប្រកួតមិត្តភាពអន្តរជាតិជាមួយ U-21 បារាំង នាពេលឆាប់ៗខាងមុខ
បើតាមការបង្ហើបរបស់លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២២» នៅកីឡដ្ឋានព្រីនស៍ កាលពីល្ងាចថ្ងៃទី ៣០ ខែតុលា ម្សិលមិញ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម ២១ ឆ្នាំ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានជំនួបរវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។

លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត មានប្រសាសន៍ថា កាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅ លោកបានជួបពិភាក្សាការងារជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះ ភាគីបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) នាពេលអនាគតផងដែរ។
ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជាដដែលបន្ដថា «ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ លោកប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម ២១ ឆ្នាំ របស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ»។

លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បញ្ជាក់បន្ថែមថា «ការប្រកួតលក្ខណៈអន្តរជាតិនេះ គ្រោងធ្វើឡើងក្រោមជម្រើស ២។ ជម្រើសទី ១-គឺក្រុមជម្រើសជាតិបារាំង ឬក្រុមយុវជនអាយុក្រោម ២១ ឆ្នាំ របស់បារាំង មកប្រកួតមិត្តភាពនៅកម្ពុជា។ ជម្រើសទី ២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងតែម្ដង។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ»។
ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ ៣ លើពិភពលោកនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្តរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


