Connect with us

កីឡា

គុនល្បុក្កតោ កំពុងវិវឌ្ឍខ្លួនជាកីឡាមួយប្រភេទដែលមនុស្សក្នុងតំបន់ និងអន្តរជាតិចូលរួមហាត់ និងប្រកួត

បានផុស

នៅ

គុនល្បុក្កតោ ជាកីឡាចំណាស់មួយរបស់ប្រជាជាតិខ្មែរ ប៉ុន្តែវាបានសាយភាយ និងវិវឌ្ឍខ្លួនទៅជាកីឡាមួយប្រភេទដែលមនុស្សក្នុងតំបន់ និងអន្តរជាតិចូលរួមហាត់ និងប្រកួតប្រជែង។ នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងឱកាសឯកឧត្តម បានចូលរួមក្នុងពិធីបើកការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្ដមបានថ្លែងបែបនេះថា៖ «ក្នុងនាមសហព័ន្ធល្បុក្កតោកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងការប្រកាសបើកការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ជាលើកទី១  ដែលធ្វើឡើង នៅទឹកដីកម្ពុជា។ គុនល្បុក្កតោ ជាប្រភេទកីឡាដ៏ចំណាស់មួយរបស់ខ្មែរ ដែលពេលនេះ បាននឹងកំពុងវិវឌ្ឍខ្លួនទៅជាកីឡាមួយប្រភេទ ដែលអាចឱ្យមនុស្សទាំងអស់ បានចូលរួមហាត់ និងប្រកួតទាំងកម្រិតថ្នាក់ក្នុងតំបន់ និងអន្តរជាតិ»។

ឯកឧត្ដមបានបន្ថែមថា វាជាលើកទី១ហើយ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាលើកទី១ផងដែរ ដែលគុនល្បុក្កតោ បានរៀបចំការប្រកួតកម្រិតក្នុងតំបន់គឺការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ។ យ៉ាងណាបើទោះបីជា ការរៀបចំការប្រកួតនេះ ជាលើកទី១ តែសម្រាប់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះកម្ពុជា នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំប្រកួត ឱ្យមានដំណើរការរលូន និងជាពិសេស គឺការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ សម្រាប់ប្រទេស ដែលជាសមាជិករបស់គុនល្បុក្កតោ។

ប្រធានសហហព័ន្ធដដែលនេះ បានឱ្យដឹងទៀតថា កម្ពុជាមានការជឿជាក់ថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះ គ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយប្រាកដណាស់ ដោយមានការចូលរួមដោយស្មោះសរ ពីបណ្ដាប្រទេសជាសមាជិក រួមជាមួយកម្ពុជា នឹងជំរុញប្រភេទកីឡាមួយនេះ ឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត ក្នុងឆាកជាតិ និងឆាកអន្តរជាតិ។

ការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ គឺរៀបចំឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រទេសចូលរួមប្រកួតប្រជែងចំនួន៤ គឺ មានវៀតណាម, ឡាវ ហ្វីលីពីន និង កម្ពុជាជាម្ចាស់ផ្ទះ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម