Connect with us

កីឡា

ក្រុម​បាល់ទះ​កម្ពុជា​ប្តេជ្ញា​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ម្តង​ទៀត​ក្នុង​​​កីឡា​ស៊ីហ្គេម

បានផុស

នៅ

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បង្កើត​ការ​ភ្ញាក់​​ផ្អើល​ម្តង​ទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ និង​តំណាង​ប្រទេស​​៣​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ពូល A បាន​ចូល​រួម​​ពិធី​ចាប់​​ឆ្នោត​​ជ្រើស​រើស​លេខ​​រៀង និង​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​​សា​ថ្មី បន្ទាប់​ពី​​ក្រុម​បាល់ទះ​ហ្វីលីពីន​បាន​ស្នើ​សុំ​ចូល​រួម ​ហើយ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ពូល A ជា​មួយ​ម្ចាស់​ផ្ទះ​កម្ពុជា ឥណ្ឌូណេស៊ី និង​សិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ចប់​ពិធី​ចាប់​ឆ្នោត​រួច​ លោក អាំង សិរីពិសិដ្ឋ បាន​លើក​ឡើថា ក្រុម​បាល់ទាត់​កម្ពុជា​បាន​សម្រាក​ត្រឹម​តែ​១​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​​​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម។ ​សម្រាក​បាន​ត្រឹម​១​សប្តាហ៍​ កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​បាន​វិល​ចូល​ជំរំ​ហ្វឹក​ហាត់​វិញ និង​​ធ្វើ​ការ​ប្រកួតមិត្តភាព​អន្តរជាតិ​ជា​បន្ត​បន្ទាប់។

លោក សិរីពិសិដ្ឋ​ មាន​ប្រសាសន៍​ថា ៖«ជា​ឆន្ទៈ​គឺ​យើង​រំពឹង​ថា ចង់​បាន​មេដាយ​មាស​។ ទាំង​អត្តពលិក និង​ថ្នាក់​ដឹក​នាំ យើង​បាន​តាំង​ចិត្ត​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដាច់​ខាត​ត្រូវ​តែ​ដណ្តើម​មាស។ អីចឹង​មហិច្ឆតា​យើង​គឺ​ដណ្តើម​មេដាយ​មាស»។

«ចាប់​តាំង​ពី​យើង​ទទួល​បាន​មេដាយ​សំរឹទ្ធនៅស៊ីហ្គេម លើក​ទី​៣១ មក​ដល់​ភ្នំពេញ​ភ្លាម អត្តពលិក​របស់​យើង​មាន​ពេល​សម្រាក​តែ​១​សប្តាហ៍​គត់។ ទោះ​បី​ជា​យើង​បាន​បំបែក​កំណត់​ត្រា​កាល​ស៊ីហ្គេម​លើក​មុន​មែន តែ​មិន​មែន​ជា​គោល​ដៅ​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ ចាប់​តាំង​ពី​ពេល​នោះ ការ​ប្រមូល​​ផ្តុំ​ហ្វឹក​ហាត់​របស់​អត្តពលិក​របស់​យើង​គឺ​នៅ​ដដែល»។ លោក​បាន​លើក​ឡើង។

លោក​បាន​បន្ត​ថា ៖«ភាព​ភ្ញាក់​ផ្អើល​កាល​ស៊ីហ្គេម​លើក​មុន មហាជន​អាច​នឹក​ស្មាន​មិន​ដល់​ដែល​ក្រុម​បាល់ទះ​​កម្ពុជា​ធ្វើ​បាន​កម្រិត​​មេដាយ ប៉ុន្តែ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ ថ្នាក់​ដឹក​នាំ​សហព័ន្ធ​បាន​​ឲ្យ​ចាប់​ផ្តើម​បោះ​ជំរំហ្វឹក​ហាត់​តាំង​ពី​ឆ្នាំ​២០១៩ ជា​ពេល​វិបត្តិ​កូវីដ-១៩។ កីឡាករ​ឃ្លាត​ឆ្ងាយ​ពី​ប្រពន្ធ​កូន​រាប់​ខែ​ដើ​ម្បី​សម្ខំ​ហ្វឹក​ហាត់ ដូច្នេះ​ហើយ​ទើប​បាន​ជា​យើង​ទទួល​បាន​លទ្ធផល​ដ៏​ភ្ញាក់​ផ្អើល​នោះ»។

លោក អាំង សិរីពិសិដ្ឋ ​បាន​សង្កត់​ធ្ងន់​ថា ៖«ងាក​មក​ស៊ីហ្គេម លើក​ទី​៣២​នេះ យើង​ជួប​ដៃ​គូ​សុទ្ធ​តែ​គីឡូ​ធ្ងន់​ដូច​គ្នា។ ជាក់​ស្តែង ​ឥណ្ឌូណេស៊ី​​​ជា​អធិរាជ​បាល់ទះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​សួរ​ថា ទឹក​ចិត្ត​កីឡាករ​របស់​យើង​ខ្លាច​ទេ? អត់​ខ្លាច​ទេ។ យើង​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ភ្ញាក់​ផ្អើល​ទៀត ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​គឺ​នៅ​លើ​ទី​លាន​ពិត​ប្រាកដ»។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​ម្ចាស់​ការពារ​មេដាយ​មាស​​ឆ្នាំ​ចាស់​គឺ​ឥណ្ឌូណេស៊ី រួម​ទាំង​ហ្វីលីពីន និង​សិង្ហបុរី។ ក្រុម​ជម្រើស​ជាតិ​ទាំង​៣​នេះ​​មាន​តែ​ឥណ្ឌូណេស៊ី​​១​គត់​ដែល​កម្ពុជា​មិន​​អាច​យក​ឈ្នះ​​កន្លង​មក ប៉ុន្តែ​កម្ពុជា​អាច​តដៃ​បាន​១​សិត​នៅ​ពេល​​​ចាញ់​១-៣ ​ក្នុង​ស៊ីហ្គេម នៅ​​វៀតណាម ​ជា​កន្លែង​ដែល​​​កម្ពុជាបាន​យក​ឈ្នះ​ហ្វីលីពីន ៣-១។

បើ​ក្រឡេក​មើល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រុម​បាល់ទះ​កម្ពុជា​ធ្វើ​បាន​ល្អ​ច្រើន​មែន​ទែន​ក្នុង​នោះ​បាន​យក​ឈ្នះ​ក្រុម​​​គុយបា ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម​១៩​ឆ្នាំ ឈ្នះ​ជម្រើស​ជាតិ​សិង្ហបុរី ​ឈ្នះ​ក្រុម​ម៉ាឡេស៊ី B និង​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ខេត្តសានតុង  ប៉ុន្តែ​ចាញ់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ១-៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម