កីឡា
យុវជនឆ្នើម ជូ ស៊ីនទិ ស៊ុតចូលទីម័រ២គ្រាប់មានប្រវត្តិយ៉ាងណា?
ជូ ស៊ីនទិ បានស៊ុតចូលក្រុម U22 ទីម័រខាងកើត ២គ្រាប់ដែលជួយក្រុម U22 កម្ពុជា ទទួលបានជ័យជម្នះដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ក្នុងការប្រកួតពូល A នៃកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

រូបគេជាខ្សែបម្រើកណ្តាលគួរឲ្យចាប់អារម្មណ៍មួយរូបប្រចាំក្លឹបព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែអ្នកគាំទ្រភាគច្រើនប្រហែលជាមិនបានដឹងពីដំណើរជីវិតពិតកាលពីកុមារភាពរបស់យុវជនរូបនេះឡើយ។
ជូ ស៊ីនទិ កំពុងរីករាយនឹងអ្វីដែលខ្លួនទទួលបាននាពេលបច្ចុប្បន្ន ខណៈកាលពីកុមារភាពរបស់ខ្លួនមិនបានគិតវែងឆ្ងាយក្នុងការចាប់យកបាល់ទាត់ជាអាជីពពិតប្រាកដឡើយ។
ស្ថិតក្នុងវ័យ២០ឆ្នាំ ស៊ីនទិ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ដូចក្មេងដទៃក្នុងភូមិដែរ ដើមឡើយ ខ្ញុំលេងបាល់ដើម្បីសប្បាយរីករាយប៉ុណ្ណោះ។ ក្រោយមក មានគេបង្កើតក្រុមបាល់ទាត់មួយឈ្មោះ«Victory Poipet FC» ក៏បានធ្វើតេស្តជាប់លេងឲ្យក្រុមនេះ។ ពេលបានហ្វឹកហាត់ជាមួយក្រុមមួយនេះ ក៏បានឱកាសឲ្យលេងឲ្យក្រុមអធិរាជតំណាងខេត្ត»។

នៅឆ្នាំ២០១៦ ជូ ស៊ីនទិ បានធ្វើតេស្តជាប់នៅសាលាបាល់ទាត់ជាតិបាទីដែលជាឱកាសបានហ្វឹកហាត់បាល់ទាត់អាជីពជាលើកដំបូង និងបន្តការសិក្សាផង។ ហ្វឹកហាត់បាល់ទាត់ និងសិក្សារហូតចប់ថ្នាក់ទី១២ ក្រុមសាលាបាល់ទាត់បាទីជំនាន់នោះត្រូវបានរំសាយដោយសារកំណត់ត្រឹមចប់ថ្នាក់ទី១២។
ស៊ីនទិ ប្រាប់ថា ៖«ខ្ញុំបានហាត់បាល់ផង រៀនផងនៅបាទីប្រហែលជា៥ឆ្នាំទើបខ្ញុំចូលព្រះខ័នរាជស្វាយរៀង។ ព្រះខ័នរាជស្វាយរៀងទាក់ទង់គឺឲ្យខ្ញុំចូលក្រុមធំតែម្តងគឺអត់យុវជនទេ»។
សម្រាប់រដូវកាល២០២១ដែលជាឆ្នាំដំបូងនៅក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ជូ ស៊ីនទិ បានលេងញឹកញាប់ដែរ ប៉ុន្តែភាគច្រើនលេងក្នុងការប្តូរចូលវគ្គទី២ដែលមានន័យថា រូបគេមិនទាន់ជាប់ជម្រើស១១នាក់ដំបូងឡើយ។
ទោះជាយ៉ាងណា រដូវកាល២០២២នេះគឺជាឆ្នាំដែលយុវជនរូបនេះបានជាប់ជម្រើស១១នាក់ដំបូងស្ទើរមិនដាច់។ កីឡាករបាននិយាយថា ៖«ឆ្នាំដំបូង ខ្ញុំអត់ចាំបានលេងប៉ុន្មានដងទេ តែដឹងថា លេងបានច្រើនដែរ។ ដល់ឆ្នាំ២០២២នេះ ខ្ញុំលេងបានច្រើន ហើយជាប់ជម្រើស១១នាក់ដំបូងទៀត»។

រឹតតែពិសេសទៀតនោះ ជូ ស៊ីនទិ ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំសម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Asian Cup កាលពីពេលថ្មីៗនេះនៅប្រទេសឥណ្ឌា។ រូបគេក៏ទទួលបានការទុកចិត្តពីក្រុមគ្រូបង្វឹកដើម្បីបង្ហាញខ្លួននៅលើទីលានទាំងការប្តូរចូល និងជាប់ជម្រើស១១នាក់ដំបូងទៀតផង។
ស៊ីនទិ បាននិយាយថា ៖«កាលខ្ញុំនៅក្មេង ខ្ញុំលេងបាល់សប្បាយៗហ្នឹងបង! លេងជាមួយមិត្តភក្តិដើម្បីសប្បាយ អត់ដែលគិតវែងឆ្ងាយផង។ ពេលខ្ញុំមានក្រុមលេងនៅប៉ោយប៉ែត គឺលេងដើម្បីសប្បាយៗ។ មិននឹកស្មានថា ខ្លួនឯងឈានមកដល់ចំណុចសព្វថ្ងៃនេះ»។
ទន្ទឹងជាមួយទទួលបានឱកាសល្អទាំងនៅក្រុមធំព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា កីឡាករកម្ពស់១.៦០ម៉ែត្ររូបនេះមិនហ៊ានប្រាថ្នា ឬដាក់ក្តីស្រមៃអ្វីធំនៅពេលខាងមុខទេគឺមានតែការប្រឹងប្រែងនឹងអ្វីដែលខ្លួនទទួលបានសព្វថ្ងៃឲ្យបានល្អបំផុត។

«ខ្ញុំមិនទាន់ហ៊ានគិតអ្វីនាពេលខាងមុខទេ។ អ្វីដែលខ្ញុំគិតគឺផ្តោតលើការហ្វឹកហាត់ និងលេងឲ្យបានល្អបំផុតនាពេលបច្ចុប្បន្ន ព្រោះខ្ញុំត្រូវការអភិវឌ្ឍខ្លួនឲ្យកាន់តែល្អជាងនេះថែមទៀត»។ ស៊ីនទិបានបញ្ជាក់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច