កីឡា
សមិទ្ធផលធំៗ របស់ អេ អាំម៉ារីនភូថង សម្រេចបានទាំងវ័យក្មេង
អេ អាំម៉ារីនភូថង កូនប្រុសបង្កើតរបស់លោកគ្រូ អេ អាំម៉ារីនភូថង និងអ្នកស្រី សាំង សុម៉ាលី កំពុងទទួលបានជោគជ័យក្នុងអាជីពប្រដាល់ទាំងវ័យក្មេង បន្ទាប់ពីបានប្រឡូកក្នុងអាជីពឈឺខ្លួនមួយនេះប្រមាណ៧ឆ្នាំកន្លងទៅ។

អេ អាំម៉ារីនភូថង បានចាប់ផ្តើមឡើងសង្វៀនតាំងពីអាយុ១២ឆ្នាំតាមរយៈឪពុកជាគ្រូបង្វឹក និងបងប្រុស បងស្រីជាអ្នកប្រដាល់ស្រាប់។ ដោយមានអំណោយផលផ្នែកខាងកាយសម្បទាបានធ្វើឲ្យរូបគេទទួលបានជោគជ័យយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងក្រៅប្រទេស។
តាមព័ត៌មានផ្លូវការដែលបានប្រកាសតាមរយៈការឡើងសង្វៀនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ អេ អាំម៉ារីនភូថង ទើបអាយុ១៩ឆ្នាំ កម្ពស់១.៨៥ម៉ែត្រ ប៉ុន្តែធ្លងកាត់ការឡើងសង្វៀនចំនួន៧៣ដង ក្នុងនោះឈ្នះ៦៤ដង ស្មើ២ដង និងចាញ់៥ដង។ អ្វីដែលគួរឲ្យកត់សំគាល់គឺរូបគេធ្លាប់ផ្តួលដៃគូឲ្យសន្លប់៤០ដង។ សមិទ្ធផលធំៗជាច្រើនដែលរូបគេសម្រេចបានទាំងវ័យក្មេងមានដូចជា ឈ្នះខ្សែក្រវាត់នៅសង្វៀនហង្សមាស កាលពីឆ្នាំ២០២១ ទទួលបានប្រាក់រង្វាន់៤០លានរៀល បន្ទាប់ពីឈ្នះរៀមច្បង ម៉ន សាម៉េត នៅវគ្គផ្តាច់ព្រ័ត្រ។

រង្វាន់ដ៏អស្ចារ្យដែលអាចចាត់ទុកជោគជ័យជាងបងបង្កើតរបស់ខ្លួនទៀតនោះគឺ អេ អាំម៉ារីនភូថង ទទួលខ្សែក្រវាត់ និងរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីបានផ្តួលកីឡាករអូស្ត្រាលី Clinton Corke ឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី៥។
ក្រៅពីខ្សែក្រវាត់ និងរង្វាន់ធំខាងលើ អេ អាំម៉ារីនភូថង ទទួលបានខ្សែក្រវាត់ជាច្រើនទៀត។ នៅខែមេសា ឆ្នាំ២០២៤ រូបគេបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ បន្ទាប់ពីឈ្នះកីឡាកររុស្ស៊ី Ovanes Nagabedyan ក្នុងទឹកទី១។ រូបគេសងសឹកបានសម្រេចលើមិត្តរួមជាតិ ឡុង សំណាង ដើម្បីទទួលបានខ្សែក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao។ នៅពេលនោះ រូបគេទទួលបានប្រាក់រង្វាន់២០លានរៀល។

នៅខែវិច្ឆិកា ឆ្នាំ២០២៤ អេ អាំម៉ារីនភូថង បានឈ្នះខ្សែក្រវាត់គុនខ្មែរមួយខ្សែទៀត បន្ទាប់ពីឈ្នះកីឡាករអ៊ុយក្រែន Savelit Dorgavtsev និងចុងក្រោយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ រូបគេបានឈ្នះកីឡាករ Andrew Michael នៅប្រទេសអូស្ត្រាលីដើម្បីទទួលបានខ្សែក្រវាត់សហព័ន្ធគុនខ្មែរ។ តាមរយៈការឈ្នះខ្សែក្រវាត់នេះ រូបគេក៏ទទួលបានប្រាក់រង្វាន់ជាច្រើនដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេស អេ អាំម៉ារីនភូថង កម្រចាញ់ណាស់។ រូបគេបានផ្តួលកីឡាករថៃ Dansiam Weerasakreck ឲ្យសន្លប់ក្នុងទឹកទី៣នៅប្រទេសជប៉ុនកាលពីខែសីហា។ រូបគេបានចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី២លើកទទួលបានជ័យជម្នះលើកីឡាករម្ចាស់ផ្ទះទាំងពីរលើក។ រូបគេបានប្រកួតស្មើកីឡាករកូនកាត់ថៃ Nabil នៅប្រទេសថៃ និងមានការប្រកួតនៅប្រទេសថៃជាច្រើន។

តាមរយៈកេរ្តិ៍ឈ្មោះល្បីរន្ទឺរទូទាំងប្រទេស អេ អាំម៉ារីនភូថង ទទួលបានឱកាសថតផ្សាយពាណិជ្ជកម្មឲ្យម៉ូតូ Honda Dream ស៊េរីថ្មីជាមួយតារាសម្តែងដ៏ស្រស់ស្អាត មាន សូនីតា។ អំណោយផលខាងកាយសម្បទា និងអាយុទើប១៩ឆ្នាំ កីឡាករវ័យក្មេងរូបនេះនៅមានពេលវេលាវែងឆ្ងាយក្នុងការបង្កើនភាពជោគជ័យបន្ថែមទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន