Connect with us

កីឡា

វឿន វាសនា ស្ថិតក្នុងចំណោមកីឡាករលំដាប់កំពូល ៥ នាក់​នៅលីគតៃវ៉ាន់

បានផុស

នៅ

លីគបាល់ទះកំពូល តៃវ៉ាន់ ត្រូវបានគេចាត់ទុកជាលីគបាល់ទះអាជីព​មួយ​ ដែលមានការប្រកួតប្រជែងខ្ពស់​នៅក្នុងតំបន់ អាស៊ី ខណៈបច្ចុប្បន្ននៅទីនោះមានកីឡាករឆ្នើមៗជាច្រើនលេងនៅទីនោះ ហើយជារួមក៏មានកីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា ផងដែរ។

វឿន វាសនា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករបាល់ទះចំនួន ៥ នាក់ ត្រូវបានគេចាត់ទុកជាកីឡាករមានភាពលេចធ្លោ​បំផុតប្រចាំលីគកំពូល​តៃវ៉ាន់។

១​. អ្នកវាយផ្តាច់ជម្រើសជាតិ ហ្វីលីពីន Bryan Bagunas៖ បច្ចុប្បន្នជាកីឡាករម្នាក់​លេងតំណែងស្មាត់ក្នុងក្រុមខ្លាំងរបស់ តៃវ៉ាន់ Win Streak។ កីឡាករវ័យ ២៧ ឆ្នាំកម្ពស់ ១.៩៤ ម៉ែត្ររូបនេះ បានចូលរួមជាមួយ Win Streak នៅឆ្នាំ ២០២២ ប៉ុន្តែកាលពីរដូវកាលមុន ២០២៤-២០២៥ រូបគេមិនបានបង្ហាញខ្លួនឱ្យក្រុមនោះទេ ដោយសារ​មានបញ្ហារបួស។

យ៉ាងណា បច្ចុប្បន្ន​ Bryan នៅតែចាត់ទុកជាកីឡាកររបស់ក្លិបនេះដដែល ពីព្រោះរូបគេមិនទាន់មានព័ត៌មានណាមួយបញ្ជាក់អំពីការចែកផ្លូវជាមួយក្លិបនៅឡើយ។ កីឡាករ​ត្រូវបាន​រាប់ជាកីឡាករដ៏ជោគជ័យម្នាក់នៅក្នុងលីគ តៃវ៉ាន់ ដោយការបង្ហាញខ្លួននៅទីនេះ ២ រដូវកាល រូបគេបានជួយឱ្យក្រុម Win Streak ២ រដូវកាល គឺគេបានជួយឱ្យ Win Streak ឈ្នះពានលីគ​ ២ រដូលកាលជាប់គ្នា។ ជាមួយគ្នានេះ រូបគេបានឈ្នះពានឯកត្តជនជាច្រើននៅក្នុងលីគតៃវ៉ាន់ ដូចជាពានអ្នករកពិន្ទុល្អបំផុត ២ លើក, ពានអ្នកលេងតួនាទីស្មាត់ល្អបំផុត ២ លើក, ពានអ្នកចេញសេវាល្អបំផុត ១ លើក និង ពានកីឡាករល្អបំផុតប្រចាំលីគតៃវ៉ាន់ ២ រដូវកាលជាប់គ្នា។

Bryan Bagunas

២. អ្នកវាយផ្តាច់ជម្រើសជាតិ កម្ពុជា វឿន វាសនា៖ វឿន វាសនា បានលេងនៅក្លិប​តៃវ៉ាន់ Win Streak ២ រដូវកាលមកហើយ ពោលគឺតាំងពីរដូវកាល ២០២៣-២០២៤ មក។ ថ្មីៗនេះ រូបគេទើបតែបានបន្តកិច្ចសន្យាជាមួយក្រុមការពារតំណែងជើងឯកលីគ តៃវ៉ាន់ បន្ថែមទៀត។ ចាប់តាំងពី Bryan Bagunas មានបញ្ហារបួសនៅរដូវកាលមុន វាសនា កាន់តែដើរតួជាកីឡាករសំខាន់របស់ក្រុម។ កីឡាករខ្មែរតែម្នាក់គត់លេងនៅលីគតែវ៉ាន់ រូបនេះ មិនត្រឹម​តែត្រូវបានគេចាត់ទុកជាកីឡាករលេចធ្លោ​បំផុតនោះទេ ប៉ុន្តែ​ រូបគេក៏បានក្លាយជាកីឡាករមានប្រជាប្រិយភាពបំផុតនៅទីនោះផងដែរ។

កូនអ្នកបាត់ដំបង កម្ពស់ ១.៩៦ ម៉ែត្ររូបនេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យ Win Streak ឈ្នះពានលីគកំពូលតៃវ៉ាន់ TVL ២ រដូវកាលជាប់គ្នា គឺរដូវកាល ២០២៣-២០២៤ និង ២០២៤-២០២៥។ នៅរដូវកាលមុន កីឡាករ​ទទួលបាន​ជោគជ័យខ្លាំងបំផុត ដោយរូបគេបានឈ្នះពានឯកត្តជនដល់ទៅ ៣ ម្នាក់ឯង គឺ​ ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍, ពាន​រង្វាន់​កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ និង ពាន​រង្វាន់កីឡាករ​វាយ​ផ្តាច់​ល្អ​​បំផុត។

វឿន វាសនា

៣. អ្នកលើកបាល់ជម្រើសជាតិ ចិនតៃប៉ិ Ju-Chien Tai៖ បច្ចុប្បន្ន Ju-Chien Tai គឺជាកីឡាកររបស់ក្លិបបាល់ទះ Taipower នៃលីគកំពូល តៃវ៉ាន់។ អ្នកលេងតួនាទីអ្នកលើកបាល់ កម្ពស់ ១.៨២ ម៉ែត្ររូបនេះ ត្រូវបានគេចាត់ទុកជាវីបុរសមួយរូបរបស់ក្រុម Taipower ដោយរូបគេបានចូលរួមជាមួយក្លិបនេះតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ពោលគឺមកដល់បច្ចុប្បន្ន គឺរូបគេលេងបានរយៈពេល ៦ រដូវកាលមកហើយ។ Ju-Chien គឺជាប្រធានក្រុមដ៏មានសក្តានុពល និងជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ក្រុម Taipower ហើយនៅក្នុងអាជីពរបស់គេ គឺបានជួយឱ្យក្រុមនេះឈ្នះពានលីគកំពូល តៃវ៉ាន់ TVL បាន ២ រដូវកាលជាប់គ្នា គឺនៅរដូវកាល ២០២០-២០២១ និង ២០២១-២០២២។

Ju-Chien Tai

៤. កីឡាករសញ្ជាតិ តៃវ៉ាន់ Yun-Liang Jhang៖ Yun-Liang Jhang ដែលបច្ចុប្បន្នមានវ័យ ២៦ ឆ្នាំ គឺជាប្រធានក្រុម និងជាអ្នកលេងតួនាទីលីប៊ើរ៉ូម្នាក់របស់ក្រុម Win Streak នៃលីគបាល់ទះ តៃវ៉ាន់។ អ្នកលេងតួនាទី លីប៊ើរ៉ូ កម្ពស់ ១.៦៧ ម៉ែត្ររូបនេះ បានចូលរួមជាមួយក្រុម Win Streak ៣ រដូវកាលមកហើយ ក្នុងនោះរូបគេបានក្លាយជាកីឡាករម្នាក់ដ៏សំខាន់ ដែលបានជួយឱ្យក្រុម Win Streak ឈ្នះពានលីគកំពូល តៃវ៉ាន់ TVL ៣ រដូវកាលជាប់គ្នា គឺរដូវកាល ២០២២-២០២៣, ២០២៣-២០២៤ និង ២០២៤-២០២៥។

Yun-Liang Jhang

៥. កីឡាករសញ្ជាតិ ចិនតៃប៉ិ Yu-Chun Lin៖ បច្ចុប្បន្ន Yu-Chun Lin គឺជាកីឡាករម្នាក់ លេងក្នុងតួនាទីអ្នកបាំងបាល់ ឬអ្នកដេញបាល់លឿន របស់ក្រុម Yunlin Mizuno នៃលីគកំពូលតៃវ៉ាន់។ ថ្វីដ្បិតអ្នកលេងវ័យ ២១ ឆ្នាំកម្ពស់ ១.៨៩ ម៉ែត្ររូបនេះ មិនទាន់មានសមិទ្ធផល និងជួយឱ្យក្រុមរបស់ខ្លួនឈ្នះពានលីគ តៃវ៉ាន់ TVL ក៏ដោយ ប៉ុន្តែរូបគេក៏ត្រូវបានគេចាត់ទុកជាកីឡាករដ៏លេចធ្លោ​ប្រចាំលីគ តៃវ៉ាន់ ផងដែរ ដោយសាររូបគេមាន​សក្តានុពលក្នុងការលេងតួនាទីជាអ្នកដេញបាល់លឿនក្នុងក្រុម Yunlin Mizuno។ ម្យ៉ាងរូបគេកំពុងតែស្ថិតនៅវ័យក្មេងថែមទៀត៕

Yu-Chun Lin

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម