Connect with us

កីឡា

ធ្វើ​បាន​យ៉ាង​ល្អ Faris Hammouti បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ខ្សែ​ការពារ​ចំណូល​ថ្មី Faris Hammouti របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្លិប​ក្នុង​ពាន​រង្វាន់ក្លិប​កំពូល​អាស៊ាន ASEAN Club  Championship យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Faris Hammouti ត្រូវ​បាន​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង នាំ​ចូល​ក្នុង​នាម​ជា​កីឡាករ​លេង​ពាន​រង្វាន់​អន្តរជាតិ ដោយ​រូប​គេ​​ជា​កីឡាករ​បរទេស​ទី៧ ខណៈ​ពាន​រង្វាន់​​ក្នុង​ស្រុក​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​តែ​ ៦ នាក់​ប៉ុណ្ណោះ។

សម្រាប់​ការ​​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ផ្លូវ​ការ​ជា​លើក​ដំបូង ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ដាក់​ខ្សែ​ការពារ​រូប​នេះ​ឲ្យ​ពេញ​ម៉ោង​តែ​ម្តង។ វត្តមាន​របស់កីឡាករ​ហូឡង់-ម៉ារ៉ុក​រូប​នេះ​ផ្តល់​ឱកាស​ឲ្យ​ខ្សែ​ការពារ សឿយ វិសាល និង សុផល ឌីម៉ង់ បាន​សម្រាក។ រូប​គេ​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​នៅ​តំបន់​ការពារ​តាម​រយៈបច្ចេកទេស​ច្បាស់​ៗ និង​មាន​ទំនុក​ចិត្ត ហើយ​អាច​រួម​ចំណែក​ជួយ​ដល់​បម្រើ​កណ្តាល​ថែម​ទៀត។ មិន​ថា​បាល់​លើ ឬ​ក្រោម​ទេគឺ​រូប​គេ​ធ្វើ​បាន​​យ៉ាង​ល្អ។

កីឡាករ Faris Hammouti អាយុ​ ២៨ ​ឆ្នាំ កម្ពស់ ១.៨៦​ម៉ែត្រ កើត​នៅ​ប្រទេស​ហូឡង់ ប៉ុន្តែ​កាល​ពី​យុវជន រូប​គេ​លេង​ឲ្យ​ជម្រើស​ជាតិ​ម៉ារ៉ុក។ កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លិប Jong Almere City ពី​ឆ្នាំ ២០១៧-១៨ និង​ក្លិប Almere City ពីឆ្នាំ ២០១៨-២២ នៅ​ប្រទេស​ហូឡង់។ បន្ទាប់​មក រូប​គេ​ចូល​រួម​​ជា​មួយ​ក្លិប Den Bosch និង Emmen នៃ​លីគ​លំដាប់​ទី​២​ប្រទេស​ហូឡង់ពី​ឆ្នាំ ២០២២-២៤ មុន​ពេល​ចូល​រួម​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ ២០២៥។

កីឡាករ Faris Hammouti ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ម៉ារ៉ុក​អាយុ​ ២០​ឆ្នាំ កាល​ពី​ឆ្នាំ ២០១៧។

សូម​បញ្ជាក់​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ Shan United ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​ទី​២ ពួក​គេ​នឹង​ធ្វើ​ដំណើរទៅ​ប្រទេស​វៀតណាម ប៉ះ ក្រុម Nam Dinh នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០២៥។ ការ​ប្រកួត​ទី​៣ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​ខ្លាំង​ម៉ាឡេស៊ី Johor Darul Tazim នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៥។ ការ​ប្រកួត​ទី​៤ ​ទទួល​​ក្រុម​ខ្លាំង​របស់​ថៃ Bangkok United នៅពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០២៦ និង​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ប៉ះ​ក្រុម Lion City Sailors នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម