កីឡា
លោក កែវ សុខង៉ន ថា «សំណាងអត់នៅខាងយើងសម្រាប់ក្រុមនារីភ្នំពេញក្រោន ក្នុងពាននារី AFC»
ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន បានអស់ឱកាសឡើងទៅវគ្គបន្តហើយ បន្ទាប់ពីស្មើ ១ និងចាញ់ ១ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល ជុំទី១ ពានរង្វាន់នារីអាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។

ការប្រកួតទី១ ក្រុមនារី ភ្នំពេញក្រោន បានចាញ់ក្រុមនារីរបស់ឥណ្ឌា East Bengal ដោយលទ្ធផល ០-១ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥។ ការប្រកួតនេះ ក្រុមតំណាងកម្ពុជាមានឱកាសល្អច្បាស់ ២ ដងនៅមុខទីរបស់ក្រុមនារីឥណ្ឌា ប៉ុន្តែធ្វើមិនបានសម្រេចគ្រាប់បាល់។ ការប្រកួតទី២ ក្រុមនារីភ្នំពេញក្រោន បានស្មើ ៣-៣ ជាមួយ ក្រុមនារីរបស់ហុងកុង Kitchee យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥។ ការប្រកួតនេះ ក្រុមរបស់ហុងកុង បាននាំមុខ ០-២ ទៅហើយ ប៉ុន្តែក្រុមនារីភ្នំពេញក្រោន បានវាយបកដើម្បីនាំមុខ ៣-២។ យ៉ាងណា នៅចុងម៉ោង៩០+៤ ក្រុមនារីហុងកុង បានតាមស្មើ ៣-៣។

ក្រោយចប់ការប្រកួត លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងថា ក្រុមនារីភ្នំពេញក្រោនមានឱកាសឈ្នះទាំងពីរប្រកួត ប៉ុន្តែហាក់គ្មានសំណាងសោះ។ ក្រុមទាំងពីរដែលជាដៃគូមិនមានកម្រិតខ្លាំងលើសក្រុមនារីភ្នំពេញក្រោនប៉ុន្មានឡើយ។

លោកបានប្រាប់កូនក្រុមដើម្បីលើកកម្លាំងស្មារតីថា ៖«យើងមានឱកាសឈ្នះទាំងពីរប្រកួតហ្នឹង ប៉ុន្តែសំណាងអត់នៅខាងយើង។ ត្រឡប់ទៅវិញ អ្នកដែលអត់មានឱកាសបង្ហាញសមត្ថភាពពេលនេះគឺត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត។ យើងមិនត្រូវទន់ខ្សោយ យើងត្រូវការខ្លាំង។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងត្រូវការពង្រឹងខ្លួនឯងជានិច្ច។ ពានរង្វាន់នេះ បើយើងឈ្នះជើងឯកលីគ យើងនឹងបានលេងទៀត»។

«យើងជាភ្នំពេញក្រោន យើងមិនត្រូវបោះបង់ទេ។ ពួកគេយើងអត់មានអ្វីដែលត្រូវពិបាកចិត្តទេ។ ចាញ់ការប្រកួត ស្មើការប្រកួតថ្ងៃនេះ យើងអត់មានសំណាង។ ពិបាកចិត្តក៏អត់ជួយអ្វីបានដែរ។ យើងត្រូវប្រមូលស្មារតីឡើងវិញសម្រាប់ការប្រកួតលីគ។ បើយើងចង់លេងពានអាស៊ីនេះទៀត យើងត្រូវខំប្រឹង យើងត្រូវខ្លាំងជាងនេះ។ ក្រុមគេក៏មិនមានអ្វីលើសយើងប៉ុន្មានដែរ។ គ្មាននរណាម្នាក់ចង់ចាញ់ទេ គ្មាននរណាម្នាក់មានកំហុសទេ។ យើងខុសទាំងអស់គ្នា យើងចាញ់ទាំងអស់គ្នា យើងឈ្នះទាំងអស់គ្នា។ ទៅវិញសម្រាក ៣ ថ្ងៃឲ្យស្រួល ឈប់គិតពីបាល់ទាត់ ហើយយើងត្រឡប់វិញដោយចាប់ផ្តើមជាថ្មី»។

ក្រុមនារីភ្នំពេញក្រោន បានបញ្ចប់ការប្រកួតសន្សំពិន្ទុពូល E ហើយ បន្ទាប់ពីឆ្លងកាត់ ២ ប្រកួត ប៉ុន្តែក្រុមនារីឥណ្ឌា East Bengal និង Kitchee ត្រូវប្រកួតលើកទី២ នៅថ្ងៃទី៣១ ខែសីហា ដើម្បីរកក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលឡើងទៅជុំចុងក្រោយ នៅឆ្នាំ ២០២៦៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


