Connect with us

កីឡា

ពាននារី AFC1 មានប្រាក់រង្វាន់ដល់ខ្ទង់លានដុល្លារ ខណៈក្រុម​នារី ភ្នំពេញក្រោន ត្រូវចូលរួម

បានផុស

នៅ

សហព័ន្ធបាល់ទាត់ អាស៊ី (AFC) បានប្រកាសជាផ្លូវការអំពីប្រាក់រង្វាន់ក្នុងពានរង្វាន់នារី AFC Women’s Champions League រដូវកាលក្រោយ ២០២៦-២០២៧ ពោលគឺក្រុមឈ្នះជើងឯកនឹងទទួលបានដល់ខ្ទង់លានដុល្លារអាមេរិក ខណៈក្នុងពាននេះ មានក្រុមមកពី កម្ពុជា មួយដែរទទួលបានកៅអីចូលរួម គឺក្រុមនារី ភ្នំពេញក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបទប្បញ្ញត្តិការប្រកួតរបស់ AFC បានឱ្យដឹងថា ប្រាក់រង្វាន់នៅរដូវកាល ២០២៦-២០២៧ មិនខុសពីរដូវកាល ២០២៥-២០២៦ ឡើយ​ ដោយក្រុមភ្ញៀវ ដែលទទួលបានកៅអីចូលរួមវគ្គជម្រុះក្នុងពូលជុំបឋម នឹងទទួលបានទឹកប្រាក់ ៥០,០០០ ដុល្លារអាមេរិក។ សម្រាប់ក្រុមបានឡើងដល់វគ្គចែកពូល នឹងទទួលបានក្នុង ១ ក្រុមចំនួន ១០០,០០០ ដុល្លារអាមេរិក។ នៅវគ្គចែកពូលនេះដដែល ក្រុមដែលទទួលបានជ័យជម្នះ ដោយបង្ហាញទម្រង់លេងល្អ និងទាក់ទាញ នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម ២០,០០០ ដុល្លារអាមេរិក។

ក្រុមបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ នឹងទទួលបានចំនួន ៨០,០០០ ដុល្លារអាមេរិក។ ប្រសិនបើបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះនឹងទទួលបានចំនួន ១២០,០០០ ដុល្លារអាមេរិក។ លុះឈានចូលវគ្គផ្តាច់ព្រ័ត្រ ក្រុមឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១,០០០,០០០ ដុល្លារអាមេរិក។ ចំណែកក្រុមចំណាត់ថ្នាក់លេខ ២ នឹងទទួលបានចំនួន ៥០០,០០០ ដុល្លារអាមេរិក។

ការប្រកួតពាននារី AFC Champions League នេះ បានដំណើរការ ២ រដូវកាលហើយ ពោលគឺរដូវកាល ២០២៤-២០២៥ និង ២០២៥-២០២៦ ។ នៅរដូវកាល ២០២៥-២០២៦ នេះ ការប្រកួតមិនទាន់បញ្ចប់នៅឡើយទេ ដោយបច្ចុប្បន្នបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

ក្នុងចំណោមការរៀបចំទាំង ២ លើកកន្លងមកនេះ គឺក្រុមនារី ភ្នំពេញក្រោន បានក្លាយជាក្រុម កម្ពុជា ដំបូងគេ ដែលទទួលបានឱកាសចូលលេង ពោលគឺនៅរដូវកាល ២០២៥-២០២៦ ។ ទោះបីជាយ៉ាងណា លទ្ធផលហាក់មិនល្អប្រសើរនោះទេ ដោយបានធ្លាក់នៅវគ្គជម្រុះក្នុងពូលជុំបឋម បន្ទាប់ពីស្ថិតក្នុងពូល E ដោយ​ស្មើ ១ និងចាញ់ ១។

នៅរដូវកាលក្រោយ ២០២៦-២០២៧ ក្រុមនារី ភ្នំពេញក្រោន នឹងក្លាយជាក្រុមតំណាង កម្ពុជា ចូលរួមប្រកួតក្នុងពានដ៏ធំ របស់ទ្វីបអាស៊ីមួយនេះសារជាថ្មីម្តងទៀត ដោយសារពួកគេបានឈ្នះជើងឯកលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម