កីឡា
អ្នកប៉ះសេឆ្នើម ៥ រូប នឹងបង្ហាញខ្លួនក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក
អ្នកលើកបាល់ឆ្នើមបំផុត ៥ រូប ត្រូវបានគេរំពឹង នឹងបង្ហាញវត្តមានតំណាងឱ្យជម្រើសជាតិពួកគេរៀងៗខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship នៅប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ២០២៥។

សារព័ត៌មាន «កម្ពុជាថ្មី» សូមបង្ហាញឈ្មោះអ្នកលើកបាល់ឆ្នើម ៥ រូបគួរឱ្យចាប់អារម្មណ៍បំផុត ដែលនឹងបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកឆ្នាំ ២០២៥ នេះ៖
១៖ អ្នកលើកបាល់សញ្ជាតិ អ៉ីតាលី Simone Giannelli៖ អ្នកលើកបាល់វ័យ ២៩ ឆ្នាំកម្ពស់ ២.០០ ម៉ែត្ររូបនេះ ត្រូវបានគេទទួលស្គាល់ជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិ អ៉ីតាលី។ បច្ចុប្បន្នរូបគេ ត្រូវបានគេចាត់ទុក ជាអ្នកលើកបាល់លំដាប់លេខ ១ ក្នុងពិភពលោក។ បកក្រោយបន្តិចទៅកាន់ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២២ រូបគេបានជួយឱ្យ អ៉ីតាលី ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍នេះ ហើយរូបគេបានឈ្នះពានឯកត្តជន ២ ម្នាក់ឯង រួមមានពាន អ្នកលើកបាល់ល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។ ចំណែកនៅឆ្នាំ ២០២៥ នេះ រូបគេនៅតែបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយកាលពីព្រឹត្តិការណ៍ VLN ថ្មីៗនេះ រូបគេក្រសោបបានពានឯកត្តជនមួយគ្រឿងទៀត គឺពានអ្នកលើកបាល់ល្អបំផុត។

២៖ អ្នកលើកបាល់សញ្ជាតិ បារាំង Antoine Brizard៖ អ្នកលើកបាល់វ័យ ៣១ ឆ្នាំ កម្ពស់ ១.៩៦ រូបនេះ ត្រូវបានគេចាត់ទុកជាអ្នកលើកបាល់ដ៏ឆ្នើមម្នាក់នាពេលបច្ចប្បន្ន។ Brizard ចាប់ផ្តើមទទួលការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីជួយឱ្យ បារាំង ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ២០២៤ និងមេដាយមាសព្រឹត្តិការណ៍កីឡា អូឡាំពិក ២០២៤។ នៅក្នុងពាន VNL ២០២៤ រូបគេបានឈ្នះពានឯកត្តជន ២ ម្នាក់ឯង រួមមានពានអ្នកលើកបាល់ល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។ ចំណែកក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិក រូបគេបានឈ្នះពានអ្នកលើកបាល់ល្អបំផុត។ យ៉ាងណា អំឡុងពេលការប្រកួតពាន VNL ២០២៥ កន្លងទៅ រូបគេនៅតែបង្ហាញសមត្ថភាពដ៏លេចធ្លោដដែល ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិ បារាំង ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២៥ បន្តទៀត។

៣៖ អ្នកលើកបាល់សញ្ជាតិ ប្រេស៊ីល Bruno Rezende៖ Bruno បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំទៅហើយ ប៉ុន្តែរូបគេនៅតែកាន់កាប់តំណែងអ្នកលើកបាល់ដៃទី ១ របស់ក្រុមសាំបា ប្រេស៊ីល។ កីឡាកររូបនេះ ត្រូវបានអ្នកនិយមបាល់ទះ ចាត់ទុកជាអ្នកលើកបាល់ដ៏អស្ចារ្យមិនធ្លាប់មានក្នុងពិភពលោក។ រូបគេបានជាប់ជម្រើសជាតិ ប្រេស៊ីល តាំងពីឆ្នាំ ២០០៧ ខណៈបច្ចុប្បន្នរូបគេគឺជាប្រធានក្រុមដ៏មានឥទ្ធិពលម្នាក់ក្នុងក្រុមរហស្សនាមសាំបា។ កាលពីព្រឹត្តិការណ៍ VNL ២០២៥ កន្លងទៅ Bruno បាននាំ ប្រេស៊ីល ឱ្យឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ប៉ុន្តែចុងក្រោយបានត្រឹមមេដាយសំរឹទ្ធ។ ទោះវ័យរៀងជ្រែ ទឹកដៃរៀងធ្លាក់បន្តិច ប៉ុន្តែ Bruno នៅតែជាអ្នកលើកបាល់មិនអាចមើលរំលងបានម្នាក់ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២៥ ។

៤៖ អ្នកលើកបាល់សញ្ជាតិ ប៉ូឡូញ Marcin Komenda៖ Komenda បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំ និងកម្ពស់ ១.៩៨ ម៉ែត្រ។ កីឡាកររូបនេះ មិនអាចមើលរំលងបាននោះទេ អំពីសមត្ថភាពលើកបាល់ដ៏ប៉ិនប្រសប់របស់គេ។ នាព្រឹត្តិការណ៍លីគបាល់ទះ VNL ក្នុងឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ រូបគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យ ប៉ូឡូញ ឈ្នះមេដាយមាស។ ថ្វីដ្បិតរូបគេ មិនបានឈ្នះពានឯកត្តជនណាមួយក៏ដោយ ប៉ុន្តែនាព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២៥ នាពេលខាងមុខ រូបគេត្រូវបានគេរំពឹងខ្ពស់ថា នឹងក្លាយជាកម្លាំងចលកររបស់ ប៉ូឡូញ ក្នុងការប្រជែងមេដាយក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

៥. អ្នកលើកបាល់សញ្ជាតិ ជប៉ុន Masahiro Sekita៖ Sekita ជាអ្នកលើកបាល់ដ៏ឆ្នើមរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន។ នៅក្នុងក្រុមជម្រើសជាតិ ជប៉ុន មានកីឡាករឆ្នើមៗជាច្រើន ប៉ុន្តែអ្នកលើកបាល់វ័យ ៣១ ឆ្នាំ កម្ពស់ ១.៧៥ រូបនេះមិនអាចមើលរំលងបាននោះទេ។ នៅក្នុងកម្រិតពិភពលោក មិនសូវមានគេនិយាយអំពីកីឡាករម្ចាស់អាវលេខ ៨ រូបនេះនោះទេ ប៉ុន្តែបើនិយាយអំពីសមត្ថភាពរបស់គេ គឺពិតជាអស្ចារ្យ។ តាមរយៈការប្រកួតជាក់ស្តែងកន្លងមក រូបគេតែងតែជួយកែបាល់របស់ក្រុម ជប៉ុន សឹងតែគ្រប់ស្ថានការណ៍ ហើយរូបគេបានក្លាយជាអ្នកលើកបាល់ដ៏យល់ចិត្តម្នាក់ឱ្យស្មាត់សំខាន់ៗដូចជា Yuki Ishikawa និង Ran Takahashi ជាដើម។ Sekita ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកលើកបាល់ដៃទី ១ ជាថ្មីរបស់ក្រុម សាំម៉ូរ៉ៃ ជប៉ុន ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២៥ នេះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


