Connect with us

ចរាចរណ៍

ទោះភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ តែអត្រាឆ្លងកូវីដនៅខេត្តកំពត មិនកើន

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានអះអាងថា បើទោះបីជាមានភ្ញៀវទេសចរទៅកម្សាន្តនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅច្រើនជាងគេ ក៏អត្រាឆ្លងជំងឺកូវីដ-១៩ នៅខេត្តកំពតមិនមានកើនឡើងនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌគឺចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។ ក្នុងនោះខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនជាងគេគឺចំនួន ១០២,៥៩៣ នាក់។ បន្ទាប់មកខេត្តព្រះសីហនុមានភ្ញៀវទៅកម្សាន្តចំនួន ៨០,៥១៩ នាក់។ 

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ខែតុលានេះថា៖ “ពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ដោយសារមានភ្ញៀវទេសចរយើងបានសម្រុកទៅខេត្តកំពតយ៉ាងច្រើន តែក្រោយពីពិធីបុណ្យបានបញ្ចប់ឃើញថា មិនមានបញ្ហាអ្វីទេ គឺអត្រាឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមិនមានការកើនឡើងដូចយើងព្រួយបារម្ភនោះឡើយ”។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន បានបន្តថា កាលពីមុនពិធីបុណ្យភ្ជុំ រកឃើញក្នុងរង្វង់ ១០ ទៅ ២០នាក់ក្នុង១ថ្ងៃ ក្នុងចំណោមអ្នកដែលមានការសង្ស័យប្រមាណ ១០០ នាក់ ហើយភ្ជុំចប់ក៏រកឃើញប្រហាក់ប្រហែលគ្នាដដែល។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន បានបន្តទៀតថា ការណ៍ដែលមិនមានការឆ្លងកើនឡើងខណៈមានមនុស្សរាប់ម៉ឺននាក់ជួបជុំកម្សាន្តច្រើនបែបនេះ លោកក៏មិនដឹងថាបណ្តាមកពីមូលហេតុអ្វីដែរ ព្រោះក្រសួងកំពុងធ្វើការវាយតម្លៃលើបញ្ហានេះ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន បានសន្និដ្ឋានថា អាចមកពីការចាក់វ៉ាក់សាំងបានច្រើន និងប្រជាពលរដ្ឋអនុវត្តបានយ៉ាងត្រឹមត្រូវនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ៣ការពារ ពេលដើរកម្សាន្ត។

បើតាមរដ្ឋមន្ត្រីក្រសួងទេសសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរភាគច្រើនដែលដើរកម្សាន្តក្នុងពិធីបិណ្យភ្ជុំកន្លងទៅគឺ ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួន ដែលមានការទាក់ទាញខ្លាំង។

ចំណែកនៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំ ការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅនេះលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ទំហំនៃការរីករាលដាលនៃកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌត្រូវរង់ចាំរយៈចន្លោះពេលពីមួយសប្តាហ៍ទៅពីរសប្ដាហ៍ ក្រោយភ្ជុំបិណ្ឌទើបអាចវាយតម្លៃបាន។

លោកស្រីបានបន្តថា ការវាយតម្លៃសភាពការណ៍នៃការឆ្លងជំងឺកូវីដ-១៩ ត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធជាច្រើនដូចជា គណៈប្រចាំការ គណៈប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្រោយមានការវាយតម្លៃ និងពិភាក្សាគ្នាពីផ្នែកពាក់ព័ន្ធរួចហើយ ត្រូវមានការជម្រាបជូនដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើសេចក្តីសម្រេច៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម