Connect with us

ចរាចរណ៍

រថយន្តព្រូសបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប ត្រូវរថយន្តធុនធំបុកវិលពីរជុំ

បានផុស

នៅ

នារីម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ និងបំពានភ្លើងស្ដុប ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំមួយគ្រឿងបុកវិលពីរជុំ ហើយរថយន្តធុនធំ បានរេចង្កូតទៅបុកបង្គោលភ្លើងស្តុបដួលរំលំ សង្កត់លើម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យបុរសជាព្រូម្នាក់ គាបជើងជាប់ក្នុងកាប៊ីនរងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ នៅចំណុចស្តុប កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ ២៨៩ កែងនឹង ៥២៨ ស្តិតក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព ពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់ បើករថយន្តតូយ៉ូតាព្រូស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BE-5961ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥២៨ ទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសដៅចរាចរណ៍ និងបំពានភ្លើងស្តុប។

លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-8646  បើកបរដោយបុរសម្នាក់ រួមដំណើរនឹងព្រូពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តព្រូសពីមុខខាងស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសវិលពីរជុំ។

ចំណែករថយន្តធុនធំ បានរេចង្កូតមកខាងស្ដាំដៃជ្រុល ទៅបុកបង្គោលភ្លើងស្តុប ដួលរលំសង្កត់មកលើកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1O-4479 កំពុងចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់កង់បីរត់ចេញទាន់។ ភ្លាមនោះគេឃើញ បុរសជាព្រូរថយន្តម្នាក់ បានគាបជើងជាប់នៅក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋ ជួយគាស់រួចយកចេញ បញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង និងម៉ូតូកង់បីមួយគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម