ចរាចរណ៍
ស្រវឹងស្រាបើករថយន្តបុក និងថយកិនបុរសម្នាក់ រួចបើករត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
បុរសដែលស្រវឹងរបើករថយន្តបុកអូសរួចបើកកិនជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ហើយបើករត់គេចខ្លួននោះ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលប្រព្រឹត្តអំពើល្មើសករណីឃាតកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ អ៊ឹង គីមហុង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរលក់ដូរ កើតនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកសពជនរងគ្រោះ ឈ្មោះ ហឿន លន់ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ឈ្មោះ ឈាន ស្រីលីន ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរ ម៉ាស្សា និងឈ្មោះ ពេស ដាលីន ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ ម៉ាស្សា បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោង ២៣:៤០នាទី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ពួកខ្លួនទាំងពីរនាក់កំពុងអង្គុយធ្វើការនៅកន្លែងម៉ាស្សាទល់មុខទីតាំងកន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធំប្រភេទដឹកទំនិញ ១ គ្រឿង បើកក្នុងទិសដៅពីលិចទៅកើត បានស៊ីញ៉ូអែបកៀនទៅខាងស្តាំដៃ ឈប់នៅខាងលិចហាងម៉ាស្សាពួកខ្លួនប្រហែល ៨ ម៉ែត្រ ហើយមនុស្សប្រុសជាអ្នកបើកបរបានចុះពីលើរថយន្ត ស្រាប់តែមានរថយន្ត ១ គ្រឿងទៀត បើកក្នុងល្បឿនលឿន ទៅបុកមនុស្សប្រុសខាងលើចំពីក្រោយ បណ្តាលឲ្យខ្ទាតប្រហែល ១០ ម៉ែត្រ ទៅកណ្តាលទ្រូងថ្នល់បេតុង ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខ តែត្រូវឈ្មោះ ឈាន ចរន្ត ភេទប្រុស ជាថៅកែម៉ាស្សាពួកខ្លួនបានស្រែក និងបក់ដៃហៅ ទើបជនបង្កបានបើករថយន្តត្រឡប់ក្រោយវិញ ហើយទម្លាក់កញ្ចក់ចុះ តែមិនពន្លត់ម៉ាស៊ីននោះទេ ហើយស្រែកតបមកពួកខ្លួនថា “គេមិនបានខុសអីទេ” បន្ទាប់មកក៏បើករថយន្តទៅកិនលើជនរងគ្រោះចំពាក់កណ្តាលខ្លួនបន្ថែមទៀត ហើយបើកគេចខ្លួនទៅទិសខាងលិចបាត់។

តាមការពិនិត្យលើរូបថត និងវីដេអូ ដែលសាក្សីទាំងពីរនាក់ខាងលើបានថតតាមរយៈទូរស័ព្ទដៃ រថយន្តបង្ក គឺម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B 9699។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ អ៊ឹង គីមហុង និងបានធ្វើសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា កាលពីល្ងាចថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រូបខ្លួន និងមិត្តភក្ដិម្នាក់ទៀតឈ្មោះ ស្រ៊ុន (មិនស្គាល់ត្រកូល) ភេទប្រុស បានចូលទៅផឹកស៊ីនៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លុះដល់ម៉ោង ២៣:១០ នាទី ដោយពួកខ្ញុំស្រវឹងរៀងៗខ្លួនក៏បានឈប់ផឹក ហើយរូបខ្លួនបានឡើងបើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯងមានម៉ាក FORD RANGER ចង្កូតឆ្វេង សេរីឆ្នាំ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B 9699 ឡើងចេញមកផ្លូវក្រវាត់ក្រុងដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឲ្យរូបខ្លួនចាប់ហ្វ្រាំងមិនទាន់ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរស ជាអ្នកបើកបរនោះពីក្រោយមួយទំហឹង បណ្តាលឲ្យបុរសនោះខ្ទាតទៅខាងមុខចម្ងាយប្រហែល ៣ ទៅ ៥ ម៉ែត្រ ដួលសន្លប់នៅផ្លូវបេតុង រថយន្តក៏បន្តល្បឿនទៅមុខប្រហែល ៥០ ទៅ ៦០ ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញ ក្នុងគោលបំណងមកជួយសង្គ្រោះជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹត ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយបើកទៅបុកប៉ះលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងនោះខ្លួនទម្លាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយតបទៅមនុស្ស ប្រុស-ស្រីនៅទីនោះថា “ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង” បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតហេតុព្រោះភ័យខ្លាចប្រជាពលរដ្ឋនៅទីនោះប្រើហិង្សាមកលើរូបខ្លួន។

សូមរម្លឹកថា កាលពីម៉ោង ២៣:៤០ នាទី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយក្នុងហេតុការណ៍នោះគេឃើញជនសង្ស័យម្នាក់ បើករថយន្តត្រឡប់ក្រោយកិនជនរងគ្រោះសម្លាប់បន្ទាប់ពីបើកបុកចំពីក្រោយខ្ទាតជាង ១០ ម៉ែត្រ បណ្តាលឲ្យដួលនៅលើដងផ្លូវ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល ២០០ ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងករណីនោះដែរ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវទៅតាមបណ្ដឹងរបស់ជនរងគ្រោះ រហូតឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២។ បច្ចុប្បន្នកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


