Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា ប្រាប់ថៃត្រូវបញ្ឈប់សកម្មភាពចូលឈូសឆាយដីពលរដ្ឋខ្មែរនៅភូមិព្រៃចាន់

បានផុស

នៅ

ក្រសួងមហាផ្ទៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពរបស់រដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធថៃ ដែលចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខណៈដែលសកម្មភាពនេះគឺជាបំពានច្បាប់អន្តរជាតិ។ ភ្ជាប់ទៅនឹងការថ្កោលទោស ក្រសួងមហាផ្ទៃកម្ពុជា ក៏ប្រាប់ឱ្យភាគីថៃត្រូវតែបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពឈ្លានពានលើដីកម្ពុជានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យរងរបស់ខ្លួន បានបញ្ជាក់ថា «ក្រសួងមហាផ្ទៃថៃ រដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដូចដែលមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិ បានឃើញយ៉ាងច្បាស់ក្រឡែតជាបន្តបន្ទាប់ និងត្រូវតែមានស្មារតីភ្ញាក់រលឹកបោះបង់ចោលឱ្យអស់ទៅនូវរាល់ផែនការជាប្រព័ន្ធ ដែលចង់តែបំផ្លិចបំផ្លាញបទឈប់បាញ់ដែលភាគីទាំងពីរ និងមិត្តភក្តិបរទេសបានចូលរួមបង្កើតឡើងយ៉ាងលំបាក»។

សេចក្ដីថ្លែងការណ៍ បានបន្តយ៉ាងដូច្នេះថា «បញ្ឈប់ទៅមហិច្ឆតាឈ្លានពានទឹកដីប្រទេសជិតខាង រួមទាំងការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែន បញ្ឈប់ទៅភាពច្រំដែលនៃការព្យាយាមបង្វែរសាធារណមតិផ្ទៃក្នុងនិងអន្តរជាតិចេញពីការកត់សម្គាល់លើភាពច្របូកច្របល់ និងបែកបាក់របស់ខ្លួន តាមរយៈការបង្កជម្លោះជាមួយប្រទេសជាប់ភូមិផង»។

ការបញ្ជាក់ជាថ្មីម្ដងទៀតរបស់ក្រសួងមហាផ្ទៃកម្ពុជាទៅកាន់ភាគីថៃដូចខ្លឹមសារខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ បានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លី ការបំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរដេលរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ទង្វើភាគីថៃលើកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថា បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថៃមានវិចារណញ្ញាណមួយចំនួនផងនោះកាន់តែមានក្តីតប់ប្រមល់ទុលពុទ្ធោ ដ្បិតបានប្រាសចាកពីច្បាប់ និងសិទ្ធិសញ្ញាអន្តរជាតិ ជាគំរូអាក្រក់ និងអន់ថយមួយដែលមិនគួរកើតមានក្នុងតំបន់អាស៊ាន និងពិភពលោក។

ទង្វើគឃ្លីនជាបន្តបន្ទាប់ ឥតអៀនខ្មាសពីរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ គឺជាការរំលោភគោលការណ៍កម្មសិទ្ធិក្នុងនីតិអន្តរជាតិ ដែលច្បាប់តម្រូវរកឱ្យឃើញជាមុនសិនថា ជារបស់អ្នកណា។ ជាក់ស្តែង ចំណុចរំលោភបំពាននោះ បានកំពុងស្ថិតក្រោមការកាន់កាប់ រស់នៅអាស្រ័យ ផល នៃពលរដ្ឋកម្ពុជាស្រស់ៗ តៗជំនាន់ តាំងពីកកើតសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ មកម៉្លេះ។ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្ថែមយ៉ាងដូច្នេះ។

ក្រសួងមហាផ្ទៃកម្ពុជា ក៏អំពាវនាវសហគមន៍អន្តរជាតិ មិត្តក្នុងអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអនុវត្តតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាព គ្នាទៅវិញទៅមករវាងកម្ពុជា និងថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម