Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញទៅអាមេរិករបស់​វៀតណាម​កើនលើស ១១០ ប៊ីលាន​ដុល្លារ ត្រឹម ៩ ខែដើមឆ្នាំ ទោះពន្ធ ត្រាំ

បានផុស

នៅ

វៀតណាមបាននាំចេញទំនិញ​ក្នុងតម្លៃប្រមាណ ១១២ ប៊ីលាន​ដុល្លារ ទៅកាន់សហរដ្ឋអាមេរិកត្រឹមរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៥ ដោយ​កើនឡើងប្រមាណ ២៧ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន ទោះបីជារងនូវពន្ធខ្ពស់របស់ប្រធានាធិបតី​ ដូណាល់ ត្រាំ និងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចសកលក្ដី។ ​នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ការនាំចេញគ្រឿងចក្រ ឧបករណ៍ ​និងគ្រឿងបន្លាស់ បានកើនឡើង ៣០ ភាគរយ​ ដល់ ១៤ ប៊ីលានដុល្លារ។ ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ បានកើនឡើង ២០ ភាគរយ ដល់ ១៦​ ប៊ីលាន​ដុល្លារ ដោយសារតែតម្រូវការខ្ពស់ និងការងាកចេញពីការផ្គត់ផ្គង់របស់ចិន។

ការនាំចេញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់វិញ បានកើនឡើងយ៉ាងខ្លាំងដល់ ១៣,៦ ប៊ីលាន​ដុល្លារ ដែលជំរុញដោយទំំនិញរបស់​​សាជីវកម្មបច្ចេកវិទ្យាសកលដូចជា Samsung, LG, Foxconn និង Intel ។ ​

គួររំឭកថា លោក ត្រាំ បាន​ដាក់ពន្ធ ២០ ភាគរយ លើប្រទេសវៀតណាម ដោយចូលជាធរមាន​នៅដើមខែសីហា ដើម្បីជាផ្នែកមួយ​នៃគោលនយោបាយពន្ធ «បដិការ» របស់លោក ក្នុងបំណងកាត់បន្ថយអតុល្យភាព​ពាណិជ្ជកម្ម​សម្រាប់អាមេរិក និងជំរុញកំណើនផលិតកម្មក្នុងស្រុក។

វៀតណាម​មាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន។ កន្លងមក ពន្ធ ២០ ភាគរយ របស់លោក ត្រាំ បាន​បង្កក្ដីបារម្ភថានឹង​ប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់វៀតណាម ដែលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ។

អគ្គលេខាធិការនៃសមាគមសិប្បកម្ម និងឧស្សាហកម្មឈើនៃទីក្រុងហូជីមិញ លោក Nguyen Chanh Phuong បាននិយាយថា ក្រុមហ៊ុនវៀតណាមមានភាពរហ័សក្នុងការសម្របខ្លួនដោយការបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដែលជាការទាមទារមួយ​របស់អាមេរិក។

លោកបន្តយ៉ាងដូច្នេះថា៖ «ផលិតផលវៀតណាមមានគុណភាព និងមាន​តម្លៃប្រកួតប្រជែង ហើយត្រូវបានអ្នកប្រើប្រាស់អាមេរិកពេញចិត្តកាន់តែខ្លាំងឡើង»។

អ្នកនាំចេញបាននិយាយថា ​កំណើន​នៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកក៏ដោយសារតែការថយ​ចុះ​អតិផរណា​ និងការចំណាយរបស់អ្នកប្រើប្រាស់ខ្ពស់នៅទីនោះ និងយុទ្ធសាស្រ្តរបស់សាជីវកម្មពហុជាតិដើម្បីធ្វើពិពិធកម្មច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ។

ក្នុង​ល្បឿនបច្ចុប្បន្ន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប៉ាន់ប្រមាណថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកអាចឈានដល់កំណត់ត្រាចន្លោះ ១២៥-១៣០ ប៊ីលាន​ដុល្លារ នៅឆ្នាំនេះ​ ដែលពង្រឹង​ងារ​វៀតណាមជាដៃគូពាណិជ្ជកម្មធំទី២​នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីសិង្ហបុរីសម្រាបអាមមេរិក​។

​យ៉ាងណាមិញ សមាគមឧស្សាហកម្មបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងបង្កើនការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងការដឹកជញ្ជូនទំនិញពីប្រទេសផ្សេងៗ ហើយអាចដំឡើងពន្ធលើផលិតផលមួយចំនួនដូចជា ដែក ឈើ ថ្ម និងទំនិញថាមពលបៃតង ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម