Connect with us

ព័ត៌មានអន្ដរជាតិ

​អគារ​រដ្ឋ​សភាថៃតម្លៃ២ម៉ឺន​​លាន​បាតរង​ការ​រិះគន់៖ កម្រាល​ឈើ​​ពុកផុយ ពិដាន​លេច​ទឹក និង​ទឹក​ដក់​នៅ​ប្រអប់ភ្លើង

បានផុស

នៅ

លោក វាចរៈ ពេជ្រថង (Watchara Phetthong) អតីត​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​យ៉ាង​ខ្លាំង​អំពី​អគារ​រដ្ឋសភា​ថ្មី​តម្លៃ ២០ ០០០​លាន​បាត (ជាង​៦១០​លាន​ដុល្លារ) ដោយសារ​មាន​ចំណុច​ខ្វះខាត​ធ្ងន់ធ្ងរ​ជាច្រើន​ដែល​មិន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​សាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វាចរៈ ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​អគារ​ផ្ទាល់ បាន​លើកឡើង​ពី​កំហុស​ឆ្គង​ដែល​ឆ្លុះបញ្ចាំង​ពី​ការខាត​បង់​ប្រាក់​ពន្ធ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដូចជា៖

  • ឈើ​ពុកផុយ និង​ក្លែងក្លាយ៖ តាម​កិច្ចសន្យា កម្រាល​ឈើ​នៃ​អគារ​រដ្ឋសភា​ត្រូវតែ​ជាឈើ​តាកៀងថង (Takien Thong) សុទ្ធ​គ្រប់​បន្ទះ ប៉ុន្តែ​លោក​បាន​រក​ឃើញ​ថា មាន​ឈើ​តាកៀងថង​ក្លែងក្លាយហើយ​​ត្រូវ​​​កណ្ដៀរ​ស៊ី និង​ពុកផុយ។ លោក​បាន​ប្រមូល​យក​សំណាក​ឈើ​ទាំងនោះ​ដើម្បី​ដាក់​ជូន​លោក Wan Muhamad Noor Matha ប្រធាន​រដ្ឋសភា​រួចហើយ។
  • ទឹក​លេច និង​គ្រោះថ្នាក់​អគ្គិសនី៖ បន្ទប់​សម្រាក​លេខ៥១៣ មាន​ទឹក​លេច ពិដាន​ធ្លាយ និង​ថ្នាំលាប​មិន​ពេញលេញ។ ធ្ងន់ធ្ងរ​ជាង​នេះ ទឹក​បាន​ដក់​លិច​ប្រអប់​ភ្លើង​ដែល​បង្កប់​ក្នុង​កម្រាល​ឥដ្ឋ​នៅ​តាម​ច្រក​ចូល ដែល​អាច​បណ្តាល​ឲ្យ​មាន​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ដល់​សមាជិក​សភា ព្រឹទ្ធសមាជិក មន្ត្រីរាជការ និង​សាធារណជន។
  • ការ​រាំងស្ទះ​ផ្លូវ​ជនពិការ៖ នៅ​ច្រក​ចូល​ខាងមុខ​សភា មាន​ការ​សាងសង់​ទំនប់​រារាំង​មិន​ឲ្យ​ទឹកភ្លៀង​ហូរ​ចូល​សភា ដែល​ទង្វើ​នេះ​បាន​​បិទ​ផ្លូវ​សម្រាប់​រទេះ​ជនពិការ​មិន​ឲ្យ​ចូល​អគារ​សភា​បាន។

លោក វាចរៈ បាន​ចោទសួរ​ទៅកាន់​គណៈកម្មាធិការ​ទទួល​បន្ទុក​របស់​រដ្ឋសភា ថា​តើ​ពួកគេ​បាន​ទទួល​ការងារ​ដែល​ខុស​ពី​កិច្ចសន្យា​យ៉ាង​ច្បាស់​ឃើញ​នឹង​ភ្នែក​​នេះ​ដោយ​របៀប​ណា។ លោក​ក៏បាន​សួរ​ទៅកាន់​ការិយាល័យ​ត្រួតពិនិត្យ​ថវិកា​ជាតិ និង​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ជាតិ ថា​តើ​ពួកគេ​នៅតែ​បំពេញ​តួនាទី​ឬ​អត់ ដោយ​ខ្លាច​ឥទ្ធិពល​របស់​អ្នកនយោបាយ។

លោក​បាន​​​អំពាវនាវ​ដល់​សមាជិក​សភា និង​ព្រឹទ្ធសមាជិក​ថា «កុំ​ទៅ​ត្រួតពិនិត្យ​អំពើពុករលួយ​របស់​មន្ត្រី​ថ្នាក់ក្រោម ឬ​ស្ថាប័ន​ដទៃ​ទៀត។ សូម​បោសសម្អាត​ផ្ទះខ្លួន​ឲ្យ​តែ​ស្អាត​ទៅ—បោសសម្អាត​រដ្ឋសភា​របស់​លោកអ្នក​ឲ្យ​ស្អាត ជា​គំរូ​ល្អ​មុន​សិន​ទៅ ​បាន​ឬ​អត់?»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម