Connect with us

សន្តិសុខសង្គម

បាតុភាពដុតកង់ឡាននៅខណ្ឌ ៧ មករា ផ្អើលអាជ្ញាធរចុះអន្តរាគមន៍ ផ្ដើមពីរឿងច្រកចេញ-ចូលលំនៅឋាន ជម្លោះពលរដ្ឋ និងពលរដ្ឋ

បានផុស

នៅ

បាតុភាពដុតកង់ឡាន បង្កឲ្យមានការភ្ញាក់ផ្អើលនៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា គឺជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិនរឿងបញ្ហាច្រកចេញ-ចូលលំនៅឋាន ដោយបច្ចុប្បន្នអាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយហើយ។ ការបង្កបាតុភាពតាមរយៈការដុតសម្បកកង់ឡាននេះ ដោយសារពលរដ្ឋជាង១០នាក់ ទាមទារឲ្យពលរដ្ឋជាម្ចាស់ដីឡូត៍ ដែលមានទីតាំងនៅខាងក្រោយខុនដូរដែលពួកគេរស់នៅនោះ សុំឲ្យបើកច្រកនោះជាផ្លូវសាធារណៈសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួមសម្រាប់ពលរដ្ឋគ្រប់គ្នា ក៏ប៉ុន្តែភាគីម្ចាស់ដីឡូត៍មិនយល់ព្រម ដោយបញ្ជាក់ថា វាជាកម្មសិទ្ធិឯកជន ពុំមែនជាសម្បត្តិរដ្ឋនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានពលរដ្ឋជាង១០នាក់ ដែលរស់នៅអគារខុនដូរមួយកន្លែង បានប្រមូលផ្តុំគ្នា ដុតសម្បកកង់ឡាន នៅលើច្រកដីឡូត៍មួយកន្លែង កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានបង្កឲ្យមានការភ្ញាក់ផ្អើល។

កន្លងមក ម្ចាស់ដីឡូត៍ ធ្លាប់បានជួលច្រកចូលខាងលើឲ្យអ្នកមើលការខុសត្រូវអគារខុនដូរដែលនៅជាប់ផ្លូវនោះ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចេញចូលរស់នៅប្រចាំថ្ងៃ ក៏ដូចជាការចតរថយន្តជាដើមរបស់ពលរដ្ឋរស់នៅអគារខុនដូរ ក៏ប៉ុន្តែក្នុងមួយរយៈពេលក្រោយមកនេះ ដោយម្ចាស់ដីឡូត៍ពុំទទួលបានថវិកាថ្លៃជួលពីភាគីអ្នកគ្រប់គ្រងខុនដូរ ទើបម្ចាស់ដីឡូត៍សម្រេចយកច្រកនោះមកគ្រប់គ្រងជាកម្មសិទ្ធិឯកជនភាពផ្ទាល់ខ្លួនវិញ ក៏បង្កឲ្យមានបាតុភាពកើតទុក្ខមិនសុខចិត្តពីពលរដ្ឋរស់នៅអគារខុនដូរដែលឧស្សាហ៍ប្រើប្រាស់ច្រកនោះតែម្តងទៅ។

ជុំវិញបាតុភាពដុតសម្បកកង់ឡានបង្កឲ្យមានការភ្ញាក់ផ្អើលនោះ អាជ្ញាធរខណ្ឌ៧មករា ក៏បានអញ្ចើញអ្នកពាក់ព័ន្ធទាំងជាង១០នាក់ យកទៅធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត។

អាជ្ញាធរខណ្ឌ៧មករា បញ្ជាក់ថា បញ្ហាទំនាស់ច្រកដីឡូត៍នោះ បច្ចុប្បន្នក្រុមមន្ត្រីជំនាញ ទាំងថ្នាក់មន្ទីរ ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ បាននិងកំពុងដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់តាមជំនាញហើយ ដូច្នោះហើយ អាជ្ញាធរមូលដ្ឋានស្នើឲ្យពលរដ្ឋដែលកំពុងមានការកើតទុក្ខមិនសុខចិត្តខាងលើ សូមរក្សាភាពស្ងប់ស្ងៀម និងរង់ចាំដំណោះស្រាយពីថ្នាក់នាំក្រសួងជំនាញ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ និងវិជ្ជមានសម្រាប់គ្រប់ៗគ្នា។

ក្នុងនាមរដ្ឋបាលខណ្ឌបញ្ជាក់ថា អ្វីដែលជាសម្បត្តិរដ្ឋ នៅតែជាកម្មសិទ្ធិរដ្ឋ ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណា ជាកម្មសិទ្ធិឯកជន គឺរដ្ឋអំណាចត្រូវតែថែរក្សាជូនគាត់ទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម