Connect with us

ព័ត៌មានជាតិ

ថ្នាលអភិវឌ្ឍសមត្ថភាព គឺជាជំហានផ្លាស់ប្តូរមួយរបស់កម្ពុជាឆ្ពោះទៅការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ថ្នាលអភិវឌ្ឍសមត្ថភាព គឺជាជំហាននៃការផ្លាស់ប្តូរមួយក្នុងដំណើររបស់កម្ពុជាឈានឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាពសំដៅចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)”កាលពីថ្ងៃទី១៨វិច្ឆិកា លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ ក្រសួងអប់រំបាននិងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំ ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរទ្បើងនូវលទ្ធផលសិក្សា ដែលកម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្តមភាពក្នុងវិស័យអប់រំ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេសអាចប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការគាំទ្រគ្រូបង្រៀន គឺជាការធានាបានថា កុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត អាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ដើម្បីឈានដល់សក្ដានុពលពេញលេញរបស់ពួកគាត់ទាំងនៅក្នុងថ្នាក់រៀន និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះ ថ្នាលអភិវឌ្ឍសមត្ថភាព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។

លោកបានបន្តថា តាមរយៈការកែលម្អគុណភាពអប់រំ និងជំរុញលទ្ធភាពទទួលបានការសិក្សាប្រកបដោយសមធម៌ យើងអាចកសាងប្រព័ន្ធអប់រំមួយដែលមានភាពធន់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ថ្នាលអភិវឌ្ឍសមត្ថភាពគឺជាប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា  ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការគាំទ្រថវិកាពីភាពជាដៃគូសកលសម្រាប់ការអប់រំ និងសហភាពអឺរ៉ុបតាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីតាមរយៈអង្គការយូនីសេហ្វ និងចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអង្គការអប់រំពិភពលោក ។

ថ្នាលអភិវឌ្ឍសមត្ថភាព មានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក វេទិកាពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ ហើយអ្វីដែលសំខាន់គឺការទទួលបានក្រេឌីត អវប លិខិតបញ្ជាក់ការសិក្សា ឬស្លាកសញ្ញាសម្គាល់ជំនាញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដែលផ្តល់ឱ្យគ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំ នូវឱកាសដើម្បីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំតាមរយៈការសិក្សាតាមបែបចម្រុះ និងអនទ្បាញ មានភាពបត់បែន និងងាយស្រួល ដែលអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម