Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោតាមចាប់ក្រុមប្លន់ម៉ូតូ២នាក់បានភ្លាមៗ ក្រោយវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច

បានផុស

នៅ

កម្លាំងនគរបាលខណ្ឌដង្កោ បានចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមវាយប្លន់យកម៉ូតូចំនួន២នាក់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន។ ប្រតិបត្តិការបង្ក្រាបក្រុមវាយប្លន់បានភ្លាមៗនេះ ធ្វើឡើងនៅវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ​នៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទទួលការងារព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨វិច្ឆិកា នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ និងឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ រីម គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជាង ហុកសែ បញ្ជាក់ថា កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីនារីរងគ្រោះដោយដំបងឈើ ចំណុចផ្លូវចូលផ្ទះសំណាក់ សុខុម ផ្លូវលំស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ បានសម្រេចរួចទុកម៉ូតូចាស់របស់ខ្លួនចោលនៅកន្លែងកើតហេតុ រួចជិះម៉ូតូរបស់ជនរងគ្រោះដើម្បីគេចខ្លួន។ ក្រោយពីកើតហេតុ កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន និងដឹកនាំដោយលោកផ្ទាល់បានប្រដេញតាមមុខសញ្ញារហូតដល់ចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបឃាត់ខ្លួនបានទាំងពីរនាក់ និងដកហូតម៉ូតូជនរងគ្រោះមកវិញផងដែរ។

បើតាមលោកអធិការរង ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតម៉ូតូពីរគ្រឿងម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1GL-9383 (ម៉ូតូនារីរងគ្រោះ) និងមួយគ្រឿងទៀតជារបស់ក្រុមជនសង្ស័យជិះធ្វើសកម្មភាពម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូចាស់)។

ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនអនុវត្តតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម