ព័ត៌មានជាតិ
ខេត្តហ៊្វូជៀននិងភ្នំពេញ នឹងបង្កើតការិយាល័យពាណិជ្ជកម្មនៅភ្នំពេញ ដើម្បីជំរុញទំហំវិនិយោគកាន់តែធំ
ខេត្តហ៊្វូជៀននៃសាធារណៈរដ្ឋប្រជាមានិតចិន និង រាជធានីភ្នំពេញ ដែលជាខេត្តដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបានវិនិយោគទុនច្រើនហើយនៅរាជធានីភ្នំពេញ។

នេះជាការបង្ហាញឲ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២៥នេះ រវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក ហ្វាង ឈុន (Huang Chun) ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញ មានរោងចក្រវាយនភណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនិងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយយើងបានជីកព្រែកជីកហ្វូណន់តេជោ ដែលទំនិញទាំងនោះ យើងនឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹក។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០%ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។ ដូច្នេះលោកស្នើសុំឱ្យ ខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្រាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។

លោក ហ្វាង ឈុន (Huang Chun) ) ក្នុងឱកាសនោះក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ្វ៊ូជៀន ផងដែរ ដោយលោកបញ្ជាក់ថា ខេត្តហ្វ៊ូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាននាក់។ សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។

លោក ហ្វាង ឈុន បានបញ្ជាក់ថា៖ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វ៊ូជៀនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀនគឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះផងដែរ ហើយខេត្តហ្វ៊ូជៀនក៏ខេត្តដែលផលិតនិងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។

ជុំវិញការស្នើសុំឲ្យមានការវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើនលោក ហ្វាង ឈុនបានមានប្រសាសន៍លើកឡើងថា ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះលោក ជំរុញឲ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងគៀងគរអ្នកវិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។

លោកបញ្ជាក់ថា ជនជាតិចិននៅទីក្រុងហ្វ៊ូជៀនបានមករកស៊ីនៅកម្ពុជា មាន ប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។ ដើម្បីជំរុញឲ្យការវិនិយោគកាន់តែប្រសើរទៀតឡើងទៀត រាជធានីភ្នំពេញ និងខេត្តហ្វ៊ូជៀន បានឯកភាពគ្នា ក្នុងបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


