Connect with us

កីឡា

លោក​ ហង់ជួន ណារ៉ុន​ ផ្ដល់​អនុសាសន៍​បន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន

បានផុស

នៅ

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នា​ឱកាស​​បិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា បាន​ផ្ដល់​អនុសាសន៍​បន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហង់ជួន ណារ៉ុន

ថ្លែង​ក្នុង​ពិធី​បិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា កាល​ពី​ម្សិលមិញនេះ​លោក​ ហង់​ជួន ណារ៉ុន​ បាន​លើក​ឡើង​ថា​ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះអង្គប្រជុំបានពិនិត្យ និងវាយតម្លៃការអនុវត្តការងារឆ្នាំសិក្សា២០២៤-២០២៥ កន្លងមកលើសមិទ្ធផលដែលសម្រេចបានតាមផែនការ។ ការងារសេសសល់ បញ្ហាប្រឈម សំណូមពរ និងវិធានការដោះស្រាយ ដើម្បីដាក់បញ្ចូលទៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នាខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

រូបភាព​ផេក​អគ្គនាយកដ្ឋានកីឡា

ក្រសួងអប់រំ បានខិតខំអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ទទួលបាននូវសមិទ្ធផលធំធេងគួរជាទីមោទនៈ។ បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយសង្កេតឃើញថ្មីៗនេះមានប្រភេទកីឡាមួយចំនួនទទួលមេដាយលក្ខណៈអន្តរជាតិ និងកីឡាមួយចំនួនមានការចាប់អារម្មណ៍ ការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិក៏មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

រូបភាព​ផេក​អគ្គនាយកដ្ឋានកីឡា

លោក​ ហង់​ជួន ណារ៉ុន​ សូមឲ្យរៀបចំផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។ សិក្សាតាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ានដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។ បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។​

រូបភាព​ផេក​អគ្គនាយកដ្ឋានកីឡា

បញ្ជាក់​ដែរ​ថា​ តាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡាបាន​រៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​នៅភោជនីយដ្ឋាន ទន្លេបាសាក់II រាជធានីភ្នំពេញ​ដោយ​មាន​ការ​ចូលរួម​ពី​អគ្គនាយកកីឡា ព្រមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ ប្រធានការិយាល័យរាជធានី ខេត្ត និងតំណាងសហព័ន្ធកីឡាជាតិ និងភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕​

រូបភាព​ផេក​អគ្គនាយកដ្ឋានកីឡា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម