Connect with us

ព័ត៌មានអន្ដរជាតិ

ព័ត៌មានរន្ធត់នៅស៊ូដង់! ដ្រូន វាយប្រហារសាលាមត្តេយ្យ សម្លាប់កុមារ ៣៣នាក់

បានផុស

នៅ

ជាព័ត៌មានដ៏រន្ធត់ដែលកើតឡើងនៅក្នុងប្រទេសស៊ូដង់ ដោយសាលាមត្តេយ្យមួយត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្លាប់មនុស្ស៥០នាក់ ក្នុងនោះមានកុមាររហូតដល់៣៣នាក់ឯណោះ។

(រូបថត៖ Reuters)

តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃសៅរ៍ទី៦ខែធ្នូឆ្នាំ២០២៥ ការវាយប្រហារនេះកើតឡើងនៅក្រុង Kalogi ក្នុងតំបន់ Kordofan ខាងត្បូង ដោយដ្រូនបានបាញ់មីស៊ីលចំនួន២គ្រាប់។

អង្គការបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ (SDN) បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស (RSF) ថាជាអ្នកបើកការវាយប្រហារនេះ ប៉ុន្តែ RSF មិនទាន់ចេញមុខនិយាយអ្វីនោះទេ។

(រូបថត៖ Reuters)

ពាក់ព័ន្ធការវាយប្រហារនេះដែរ អ្នកនាំពាក្យអង្គការយូនីសេហ្វលោក Sheldon Yett បានថ្កោលទោសយ៉ាងខ្លាំងនិងនិយាយថា៖ «កុមារមិនគួររងគ្រោះដោយសារជម្លោះឡើយ។ ការសម្លាប់កុមារនៅក្នុងសាលារៀនរបស់ពួកគេ គឺជាការរំលោភបំពានដ៏រន្ធត់លើសិទ្ធិកុមារ។ យូនីសេហ្វ សូមជំរុញគ្រប់ភាគី ត្រូវបញ្ឈប់ការវាយប្រហារទាំងនេះជាបន្ទាន់និងអនុញ្ញាតឲ្យគ្រប់គ្នា ទទួលបានជំនួយមនុស្សធម៌ដោយសុវត្ថិភាពនិងដោយគ្មានការរារាំង»។ 

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី សង្គ្រាមស៊ីវិលនៅស៊ូដង់ គឺជាការប្រយុទ្ធគ្នារវាង RSF ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF ដែលកំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។

តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម