Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ សន្យាជួយបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ូដង់ បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតស្នើសុំ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សន្យាថានឹងធ្វើការជាមួយអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ដទៃទៀត ដើម្បីជួយបញ្ចប់សង្គ្រាមស៊ីវិលដែលកំពុងកើតមាននៅស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ខែវិច្ឆិកា។

ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និង​ព្រះអង្គម្ចាស់​រាជទាយាទ និង​នាយករដ្ឋមន្ត្រី​អារ៉ាប៊ីសាអូឌីត Mohammed bin Salman។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយថា លោកបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) បានស្នើសុំឱ្យលោកធ្វើអន្តរាគមន៍ដោយផ្ទាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

លោក ត្រាំ បានប្រកាសពីការប្តេជ្ញាចិត្តនេះចំនួនពីរដងនៅថ្ងៃពុធ ម្តងនៅវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីតនៅទីក្រុងវ៉ាស៊ីនតោន និងម្តងទៀតនៅលើវេទិកាផ្ទាល់របស់លោក Truth Social។ លោកបាននិយាយថា មេដឹកនាំអារ៉ាប់ចង់ឱ្យលោកប្រើប្រាស់ឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិក ដើម្បីជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សានៅស៊ូដង់។

ទាហានស៊ូដង់(រូបភាព៖ Reuters)

លោក ត្រាំ ថារដ្ឋបាលរបស់លោកបានចាប់ផ្តើមចាត់វិធានការក្នុងរយៈពេល ៣០នាទីបន្ទាប់ពីសំណើរបស់ព្រះអង្គម្ចាស់រាជទាយាទ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ព្រះអង្គម្ចាស់ MBSផងដែរ។

លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប និងដៃគូមជ្ឈិមបូព៌ាផ្សេងទៀត ដើម្បីបញ្ឈប់ការប្រយុទ្ធ និងជួយធ្វើឱ្យស៊ូដង់មានស្ថិរភាព។

គួរបញ្ជាក់ថាសង្គ្រាមស៊ីវិលនៅស៊ូដង់ ដែលបានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានបង្កឱ្យមានការបំផ្លិចបំផ្លាញ ទុរ្ភិក្ស និងបង្ខំប្រជាជនឲ្យផ្លាស់ទីលំនៅយ៉ាងច្រើន។ លើសពីនេះជនស៊ីវិលជាង ៣៣០០នាក់ត្រូវបានសម្លាប់រវាងខែមករា និងខែមិថុនា ឆ្នាំនេះ ហើយមនុស្សជាងបួនលាននាក់បានភៀសខ្លួនចេញពីប្រទេស៕

ប្រជាជនស៊ូដង់ភៀសខ្លួនពីសង្គ្រាម (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម