Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបន្តនីតិវិធីលក់អាវុធក្នុងតម្លៃកំណត់ត្រា១១,១ពាន់លានដុល្លារឲ្យតៃវ៉ាន់

បានផុស

នៅ

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យ​ដឹងនៅថ្ងៃទី​១៨​ខែធ្នូនេះថា សហរដ្ឋអាមេរិកកំពុងបន្តនីតិវិធីលើកញ្ចប់លក់អាវុធដែលមានតម្លៃ១១,១​ពាន់លានដុល្លារ ដែលជាកញ្ចប់ធំបំផុតមិនធ្លាប់មានសម្រាប់កោះនេះ ចំពេលមានសម្ពាធយោធាកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ គម្រោងលក់នេះរួមមានអាវុធ និងបរិក្ខារចំនួន៨​ប្រភេទ ដូចជា ប្រព័ន្ធរ៉ុក្កែត HIMARS, កាំភ្លើងធំ Howitzers, មីស៊ីលប្រឆាំងរថក្រោះ, ដ្រូន និងគ្រឿងបន្លាស់ផ្សេងៗ។ កញ្ចប់នេះបានឈានដល់ដំណាក់កាលជូនដំណឹងដល់សភាអាមេរិក ដែលនៅទីនោះសមាជិកសភាអាចពិនិត្យ ឬរារាំងកិច្ចព្រមព្រៀងនេះបាន ប៉ុន្តែគេរំពឹងថានឹងមានការគាំទ្រយ៉ាងទូលំទូលាយពីគណបក្សធំៗទាំងពីរ។

ទីក្រុងតៃប៉ិបានលើកឡើងថា ការលក់នេះនឹងពង្រឹងសមត្ថភាពការពារខ្លួន និងសមត្ថភាពទប់ស្កាត់របស់តៃវ៉ាន់ ជាពិសេសតាមរយៈប្រព័ន្ធសង្គ្រាមមិនសមមាត្រ ដែលរចនាឡើងដើម្បីប្រឆាំងនឹងសត្រូវដែលមានកម្លាំងធំជាង។ បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយកោះនេះក៏ដោយ ក៏អាមេរិកមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការផ្តល់អាវុធការពារខ្លួនឲ្យទៅតៃវ៉ាន់ដែរ។

ការប្រកាសនេះគឺជាការលក់អាវុធលើកទីពីរឲ្យទៅតៃវ៉ាន់ ក្រោមរដ្ឋបាលបច្ចុប្បន្នរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយវាកើតឡើងចំពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនសម្ពាធយោធា និងការទូតលើកោះស្វយ័តមួយនេះ ដែលចិនអះអាងថាជាដែនដីរបស់ខ្លួន ដ្បិត​តៃវ៉ាន់​បដិសេធ​ក៏​ដោយ។

ក្រសួងការបរទេសចិន មិនទាន់មានប្រតិកម្មភ្លាមៗចំពោះការប្រកាសនេះនៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម