ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា បន្ទន់ជំហរ ក្រោយលោកត្រាំគំរាមវាយជាលើកទីពីរ
នៅក្នុងបម្រែបម្រួលវោហាសាស្ត្រដ៏គួរឲ្យកត់សម្គាល់មួយ ប្រធានាធិបតីស្ដីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានស្នើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើរបៀបវារៈ «ការអភិវឌ្ឍរួមគ្នា»។ ការបង្ហាញជំហរសម្រុះសម្រួលនេះ គឺជាការបន្ទន់ឥរិយាបថការទូតជាលើកដំបូងពីរដ្ឋធានីការ៉ាកាស ចាប់តាំងពីកងកម្លាំងពិសេសអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores ក្នុងប្រតិបត្តិការយោធាដ៏ធំកាលពីថ្ងៃសៅរ៍ និងជាពិសេសបន្ទាប់ពីមានការព្រមានខ្លាំងៗពីមេដឹកនាំអាមេរិក ដូណាល់ ត្រាំ អំពីការវាយប្រហារជាលើកទីពីរ បើរដ្ឋាភិបាលបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា មិនព្រមសហការ។

យោងតាមការចុះផ្សាយនាថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦របស់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈការថ្លែងនៅលើបណ្ដាញសង្គម លោកស្រី Rodriguez ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រេងផងនោះ បានសង្កត់ធ្ងន់លើបំណងចង់មាន «ទំនាក់ទំនងប្រកបដោយការគោរព» និង «ការរស់នៅជាមួយគ្នាដោយសន្តិភាពយូរអង្វែង» ក្រោមក្របខណ្ឌច្បាប់អន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើជូនលោកត្រាំដោយផ្ទាល់ លោកស្រីបានបញ្ជាក់ថា ប្រជាជនក្នុងតំបន់សមនឹងទទួលបាន «សន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមនោះទេ»។ ការថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រីធ្លាប់បានថ្កោលទោសការឆ្មក់ចូលរបស់អាមេរិកថា ជាការរឹបអូសយកធនធានធម្មជាតិរបស់ជាតិដោយខុសច្បាប់។
ការផ្លាស់ប្តូរជំហរនេះ កើតឡើងចំពេលដែលលោកម៉ាឌូរ៉ូ ត្រូវចូលបង្ហាញខ្លួននៅចំពោះមុខចៅក្រមសហព័ន្ធក្នុងទីក្រុងញូវយ៉ក នៅថ្ងៃចន្ទនេះ។ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់មេដឹកនាំវ័យ៦៣ឆ្នាំរូបនេះ ពីបទសមគំនិតធ្វើភេរវកម្មគ្រឿងញៀន និងការជួញដូរថ្នាំញៀន កូកាអ៊ីន ដែលជាការចោទប្រកាន់តាំងពីឆ្នាំ២០២០។ លោកប្រធានាធិបតីត្រាំ បានចាត់ទុកការចាប់ខ្លួននេះថា ជាវិធានការអនុវត្តច្បាប់ដ៏ចាំបាច់ ខណៈដែលលោកក៏បានផ្សារភ្ជាប់សកម្មភាពនេះ ទៅនឹងសម្ពាធនៃលំហូរជនអន្តោប្រវេសន៍ និងការស្ដារឡើងវិញនូវផលប្រយោជន៍ប្រេងកាតរបស់អាមេរិកក្នុងតំបន់។

កាលពីថ្ងៃអាទិត្យ លោកត្រាំ បានព្រមានថា វិធានការយោធាបន្ថែមទៀតនៅតែជាជម្រើស បើសិនជារដ្ឋាភិបាលបណ្ដោះអាសន្នមិនសហការជាមួយអាមេរិក ក្នុងការបើកចំហឧស្សាហកម្មប្រេង និងការបញ្ឈប់ការជួញដូរគ្រឿងញៀន។
នៅលើឆាកអន្តរជាតិ អន្តរាគមន៍យោធានេះបានរងការរិះគន់យ៉ាងខ្លាំង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីប្រតិបត្តិការរបស់អាមេរិកលើទឹកដីវ៉េណេស៊ុយអេឡា ដែលអគ្គលេខាធិការ លោក Antonio Guterres បានពិពណ៌នាថាជា «គំរូដ៏គ្រោះថ្នាក់»។ ទោះបីជាអាមេរិកចាត់ទុកលោកម៉ាឌូរ៉ូ ជាមេដឹកនាំផ្តាច់ការខុសច្បាប់ជាយូរមកហើយក៏ដោយ ក៏មហាអំណាចពិភពលោក រួមទាំងប្រទេសចិន បានថ្កោលទោសការចាប់ខ្លួននេះថា ជាការរំលោភលើច្បាប់អន្តរជាតិ។
នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាផ្ទាល់ វិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ បានបណ្ដាលឲ្យមានការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយ ហើយក្រុមអ្នកវិភាគបានព្រមានថា ការដកតំណែងលោកម៉ាឌូរ៉ូ អាចនឹងធ្វើឲ្យប្រទេសដែលមានប្រជាជន ២៨លាននាក់នេះ កាន់តែមានអស្ថិរភាពបន្ថែមទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


