Connect with us

សន្តិសុខសង្គម

នគរបាលចរាចរណ៍ព្រមានអនុវត្តវិធានការច្បាប់ លើរថយន្តធុនធំទាំងអស់បើនៅតែបន្តល្មើស​បើកចូលក្រុងក្នុងម៉ោងហាមឃាត់

បានផុស

នៅ

កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះអនុវត្តច្បាប់តាមរយៈការចាប់ឃាត់រថយន្តក្រឡុកស៊ីម៉ង់ និងរថយន្តដឹកដែកធុនធំទាំងឡាយដែលបានធ្វើចរាចរណ៍ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់ ពោលមុនម៉ោង៩យប់ ដោយធ្វើការអប់រំណែនាំ នាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ឃាត់នេះ គឺដើម្បីធ្វើការអប់រំជាលើកទី១ប៉ុណ្ណោះ ដោយពុំមានការផាកពិន័យនោះឡើយ ប៉ុន្តែក្នុងករណីម្ចាស់​រថយន្ដមិនរាងចាល និងមិនគោរពតាមកិច្ចសន្យា ហើយនៅតែបន្តល្មើសធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ជាលើកទី២ម្តងទៀត នោះសមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។

គួរបញ្ជាក់ថា រថយន្តធុនធំដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់យកមកធ្វើកិច្ចសន្យាអប់រំទាំងអស់ គឺសុទ្ធតែបានចរាចរណ៍ចូលក្នុងរាជធានីភ្នំពេញ ដោយមិនគោរពតាមបំរាមហាមឃាត់របស់រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីជាកន្លងទៅ កម្លាំងសមត្ថកិច្ចបានចុះរឹតបន្តឹងច្បាប់នៅតាមព្រំប្រទល់រាជធានីជាប់ខេត្តនានា តាមរយៈការហាមឃាត់រាល់រថយន្តធុនធំទាំងឡាយ ឲ្យវាងទិសដៅចរាចរណ៍បកត្រឡប់ទៅវិញ ក្នុងម៉ោងដែលមិនមានការអនុញ្ញាតឲ្យមានការចរាចរណ៍ចូលក៏ដោយ។

គួររំលឹកថា កម្លាំងសមត្ថកិច្ចផែនចរាចរណ៍រាជធានីភ្នំពេញ ក្រោមបទបញ្ជា និងគោលការណ៍ដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការការចុះរឹតបន្តឹងច្បាប់តាមរយៈការផ្សព្វផ្សាយអប់រំពលរដ្ឋដែលល្មើសច្បាប់ ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥មកម្លេះ ដោយពុំមានការផាកពិន័យជាប្រាក់នោះឡើយ ដើម្បីឲ្យពលរដ្ឋអ្នកដំណើរចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ក្នុងគោលដៅរក្សាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាទ្រព្យសម្បត្តិ និងការពារអាយុជីវិតទាំងអស់គ្នា៕

អត្តបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម