Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល​លោកត្រាំ​ កំពុងពិចារណាជម្រើសយោធា ដើម្បីដាក់បញ្ចូល Greenland ជាទឹកដីអាមេរិក

បានផុស

នៅ

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋបាលលោកត្រាំ កំពុងពិចារណាលើជម្រើសជាច្រើន ដើម្បីទិញយកកោះ Greenland ដោយបានលើកឡើងយ៉ាងច្បាស់ថា ការប្រើប្រាស់យោធា​អាមេរិក គឺជា «ជម្រើសមួយដែលលោកប្រធានាធិបតីអាចប្រើប្រាស់ជានិច្ច»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេញផ្សាយ​នា​ថ្ងៃ​ពុធ​ទី​​៧​មករា FRANCE24 បាន​​ឲ្យ​ដឹង​ថា លោកស្រី Leavitt បានចាត់ទុកការទិញយកទឹកដីស្វយ័តរបស់ដាណឺម៉ាកនេះថាជា «អាទិភាពសន្តិសុខជាតិ» ដើម្បីទប់ស្កាត់ឥទ្ធិពលរុស្ស៊ី និងចិន នៅតំបន់អាកទិក និងដើម្បីគ្រប់គ្រងធនធានរ៉ែកម្រដែលមិនទាន់បានទាញយក។

ការប្រកាសនេះ បានបង្ក​ឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តណាតូ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា សកម្មភាពយោធាណាមួយរបស់អាមេរិកប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ នឹងមានន័យថាជាការបញ្ចប់នៃសម្ព័ន្ធភាពយោធា និងរចនាសម្ព័ន្ធសន្តិសុខដែលបានបង្កើតឡើងតាំងពីក្រោយសង្គ្រាមលោកលើកទី២។ លោកស្រីបានប្រាប់សារព័ត៌មានថា «ប្រសិនបើអាមេរិកវាយប្រហារប្រទេសសមាជិកណាតូផ្សេងទៀត អ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ឈប់»។ ចំណែក​ឯនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen ក៏បានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការ ដោយជំរុញ​ឲ្យ​លោកត្រាំ​បោះបង់ចោល «ការយល់សប្តិចង់ដាក់បញ្ចូលទឹកដី» និងបានបញ្ជាក់ថា មានតែប្រជាជន Greenland ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

ក្នុងសកម្មភាពបង្ហាញសាមគ្គីភាពដ៏កម្ររបស់អឺរ៉ុប ក្រុមមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងអេស្ប៉ាញ បានចូលរួមជាមួយដាណឺម៉ាក ក្នុងការចេញសេចក្តីថ្លែងការណ៍រួមការពារ «គោលការណ៍សកល» នៃអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទោះបីជាមានការផ្ទុះការតវ៉ាផ្នែកការទូតក៏ដោយ ក៏សេតវិមានហាក់មិនថយក្រោយឡើយ ដោយអនុប្រធានខុទ្ទកាល័យសេតវិមាន លោក Stephen Miller បានប្រាប់ CNN ថា «គ្មាននរណាម្នាក់ហ៊ានច្បាំងជាមួយអាមេរិក ជុំវិញអនាគតរបស់ Greenland ឡើយ»។ លោកត្រាំ បានបង្ហើបថា ការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ អាចនឹងកើតឡើងក្នុងរយៈពេលពីរខែទៀត បន្ទាប់ពីស្ថានភាពនៅវ៉េណេស៊ុយអេឡា ដែលកងកម្លាំងអាមេរិកទើបតែបានចាប់ខ្លួនលោក Nicolás Maduro ត្រូវ​បាន​ដោះស្រាយ​​រួច​រាល់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម