Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ជំរុញឲ្យចិនជួយសម្របសម្រួលកិច្ចពិភាក្សានុយក្លេអ៊ែរកូរ៉េខាងជើង

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមានប្រសាសន៍កាលពីថ្ងៃពុធ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៦​ថា លោកបានស្នើសុំឲ្យ​មេដឹកនាំចិន លោក ស៊ី ជីនពីង ជួយនាំកូរ៉េខាងជើងត្រឡប់មកកាន់ការចរចានុយក្លេអ៊ែរវិញ ដោយលើកឡើងថា ការផ្អាកកម្មវិធីអាវុធប្រល័យលោករបស់ទីក្រុងព្យុងយ៉ាង អាចនឹងសម្រេចទៅបានក្រោមលក្ខខណ្ឌសមស្របណាមួយ។

លោក Lee និង​លោក ស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម AFP ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន លោក Lee បានបញ្ជាក់ថា លោកបានជំរុញ​ឲ្យ​ទីក្រុងប៉េកាំងដើរតួនាទីជាអ្នកសម្របសម្រួលនៅលើឧបទ្វីបកូរ៉េ ខណៈដែលបណ្តាញទំនាក់ទំនងជាមួយ​កូរ៉េខាងជើងនៅតែ «ត្រូវបានបិទទាំងស្រុង»។

លោក Lee បាននិយាយ​ថា «គ្រាន់តែបញ្ឈប់ត្រឹមកម្រិតបច្ចុប្បន្ន ពោលគឺមិនមានការផលិតអាវុធនុយក្លេអ៊ែរបន្ថែម មិនមានការនាំចេញសម្ភារៈនុយក្លេអ៊ែរ និងមិនមានការអភិវឌ្ឍបន្ថែមលើមីស៊ីល ICBM នោះ វានឹងក្លាយជាសមិទ្ធផលមួយទៅហើយ» ដោយលោកបានបន្ថែមថា ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងត្រូវតែនៅតែជាគោលដៅរយៈពេលវែង។

បើតាមលោក Lee លោក ស៊ី ជីនពីង បានអំពាវនាវឲ្យមានការអត់ធ្មត់ជាមួយទីក្រុងព្យុងយ៉ាង ដោយកត់សម្គាល់ថា សកម្មភាពយោធានាពេលកន្លងមករបស់ទីក្រុងសេអ៊ូល អាចត្រូវបានកូរ៉េខាងជើងមើលឃើញថាជាការគំរាមកំហែង។

ក្រសួងការបរទេសចិនបានបញ្ជាក់ថា ខ្លួននឹងបន្តដើរតួនាទី «ប្រកបដោយការស្ថាបនា» ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

កូរ៉េខាងជើង ដែលហៅខ្លួនឯងថាជារដ្ឋនុយក្លេអ៊ែរ«ដែលមិនអាចបក​ក្រោយ​បាន» បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់កាលពីថ្ងៃអាទិត្យ និងបាននិយាយថា កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា លោកសង្ឃឹមថានឹងបើក «ដំណាក់កាលថ្មី» ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ខណៈពេលដែលរក្សាទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក និងជប៉ុន ក្នុងពេលដែលទីក្រុងសេអ៊ូលកំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងដៃគូពាណិជ្ជកម្មកំពូល និងសម្ព័ន្ធមិត្តសន្តិសុខចម្បងរបស់ខ្លួន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម