Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​នៅ​អាហ្សង់​ទីន​រីក​រាល​ដាល​​ខ្លាំង​​ ប៉ះពាល់​ដល់​​​តំបន់​បេតិកភណ្ឌ​ពិភពលោក

បានផុស

នៅ

ភ្លើង​ឆេះ​ព្រៃ​កំពុង​រាល​ដាល​ពាស​ពេញ​តំបន់​ Patagonia នៃ​ប្រទេស​អាហ្សង់​ទីន រួម​ទាំង​ព្រៃ​ឈើ​ដែល​មាន​អាយុ​កាល​យូរ​មក​ហើយ មាន​ទំហំ​៤៥០គីឡូម៉ែត្រ​​ការ៉េ រួម​ទាំង​ផ្នែក​ខ្លះ​នៃ​តំបន់​បេតិកភណ្ឌ​ពិភព​លោក របស់​អង្គការ​ UNESCO នៃ​ឧទ្យាន​ជាតិ​ Los Alerces ។

ភ្លើងឆេះព្រៃនៅអាហ្សង់ទីន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Al Jazeera, មនុស្ស​​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ខណៈ​ដែល​អណ្តាត​ភ្លើង​បាន​រាល​ដាល​ពាស​ពេញ​ខេត្ត Chubut គំរាម​កំហែង​ដល់​ដើម​ឈើ​ ដែល​មាន​អាយុ​កាល​ជាង ៣ ៦០០ ឆ្នាំ​ ទៀត​​ផង​​។

វិបត្តិ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ទៅ​លើ​គោល​នយោបាយ​តឹង​រ៉ឹង​របស់​ប្រធានាធិបតី លោក​ Javier Milei ។

ចំណែក​ការ​កាត់​បន្ថយ​ការ​ចំណាយ «ខ្សែច្រវាក់» របស់​រដ្ឋ​បាល​របស់​លោក​បាន​កាត់​បន្ថយ​ថវិកា​​សេវា​គ្រប់​គ្រង​អគ្គិភ័យ​ជាតិ ​ចំនួន៧១ភាគរយ ក្នុង​លក្ខ​ខណ្ឌ​ជាក់​ស្តែង​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​​បើ​យោង​តាម​ក្រុម​បរិស្ថាន​ FARN ។

លោក Ariel Slipak ប្រធាន​ក្រុម​បរិស្ថាន​នៅ FARN បាន​លើក​ហេតុ​ផល​ថា​៖ «ភ្លើង​ទាំង​នេះ​ពិត​ជា​អាច​ព្យាករណ៍​បាន។ លោក​ Milei គួរ​តែ​​ផ្តល់​អាទិភាព​ដល់​សម​តុល្យ​សារ​ពើ​ពន្ធ​ នៅ​គ្រប់​ការ​ចំណាយ​ទាំងអស់ ដើម្បី​ត្រៀមលក្ខណៈសង្គ្រោះបន្ទាន់»។

គួរ​ឱ្យ​ដឹង​ថា តំបន់​​ដែល​​ឆេះ​​បាន​​កើន​​លើស​​ពី​ការ​​ខូច​​ខាត​​នៃ​​រដូវ​​ភ្លើង​ឆេះ​​​ ​កាល​​ពី​​រដូវ​​ក្ដៅឆ្នាំ​​​មុន​​ ដែល​មាន​​ទំហំ ៣២៥ គីឡូម៉ែត្រ​​ការ៉េ​ ។ ខណៈ​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​នឹង​ខ្យល់​បក់​ខ្លាំង និង​សី​តុ​ណ្ហភាព​ក្តៅ​ខ្លាំង​។

លោក​  Milei បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​បែង​ចែក​ប្រាក់​ប្រហែល ៦៩​ លាន​ដុល្លារ​ លើ​ផ្នែក​​ពន្លត់អគ្គិភ័យ។

យ៉ាងណា លោក Hernan Giardini អ្នក​តស៊ូមតិ​ផ្នែក​បរិស្ថាន​នៅ​អង្គភាព​ Greenpeace ​បាន​ចង្អុលថា៖ «​​​ការ​ប្រែប្រួល​អាកាស​ធាតុ​​ជា​កត្តា​កាន់​តែ​ធ្ងន់​ធ្ងរ​ បង្ក​ឱ្យ​មាន​ការ​ឆេះ​បែប​នេះ​ជា​បន្ត​បន្ទាប់​។ ចំណែកការ​មើល​ស្រាល​ពី​ផល​ប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុក៏​ជា​អ្វី​ដែល​គួរ​តែ​យល់​ដឹង​ដែរ។ អ្នក​វិទ្យា​សាស្ត្រ និងក្រុម​ចលនា​អេកូឡូស៊ី​បាន​ព្រមាន​ជា​យូរ​មក​ហើយ ថា​ភាព​គ្មាន​​ទំនួលខុសត្រូវ​​របស់​អ្នក​នយោបាយ​ វា​អាច​​​បាត់​បង់​ព្រៃឈើ​ និងផ្ទះ​ពល​រដ្ឋ​នេះ​ឯង»។​

លោក Milei ដែល​តែង​តែ​ហៅ​ការប្រែប្រួលអាកាស​ធាតុ​ថា ​« ជា​ការ​កុហក​​របស់​សង្គម​» នឹង​កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង ខណៈ​ភ្លើង​បាន​បំផ្លាញ​តំបន់​មួយ​ច្រើន​ជាង​ទំហំ​របស់​តំបន់​ Buenos Aires ពីរដង៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម