សន្តិសុខសង្គម
ស្ត្រីខ្មែរ និងបុរសចិន ជេរប្រមាថនគរបាលចរាចរណ៍ ត្រូវសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ចំនួន ២ បទល្មើស
សាលាដំបូងខេត្តព្រះសីហនុសម្រេចចោទ ស្រ្ដីជនជាតិខ្មែរ និង បុរសជនជាតិចិន ជេរប្រមាថលើមន្រី្ដនគរបាលចរាចរណ៍ខេត្តព្រះសីហនុ រឿងផាកពិន័យបើកបរក្នុងស្ថានភាពស្រវឹង ចំនួន២បទល្មើស ពាក់ព័ន្ធករណី ញុះញង់ឲ្យមានការរើសអើង និង ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។
បើតាមសេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចគោលដៅអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លើផ្លូវ ២៨មិថុនា (ផ្លូវដើមលម៉ី) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ដើមហេតុនៃករណីនេះ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យ ជាតិស្រវឹង នៅចំណុចកើតហេតុខាងលើ។ អំឡុងពេលនៃការបំពេញតួនាទីភារកិច្ច សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងណែនាំដល់អ្នកប្រើប្រាស់មធ្យោបាយយានយន្ត និងម៉ូតូដែលធ្វើចរាចរណ៍លើដងផ្លូវជាច្រើនគ្រឿង។ ក្នុងនោះក៏មានរថយន្ដ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិន ឈ្មោះ CHANG YANAN សង្ស័យបើកបរស្ថិតក្នុងភាពស្រវឹង ក៏ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ដើម្បីត្រួតពិនិត្យជាតិអាល់កុលក្នុងខ្លួនអ្នកបើកបរ ហើយជាលទ្ធផល ឃើញមានកម្រិតជាតិអាល់កុលក្នុងខ្លួន ចំនួន ០,៦៨mg/L (សូន្យក្បៀសហុកសិបប្រាំបី មីលីក្រាមក្នុង មួយលីត្រខ្យល់) ទើបត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ឱ្យនៅហ្នឹងកន្លែងសិន រង់ចាំពេលស្វាងស្រវឹង ទើបសមត្ថកិច្ចឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយអ្នកបើកបរនឹងត្រូវទទួលពិន័យអន្តរការណ៍ចំពោះការបើកបរយានយន្ត ស្ថិតក្នុងភាពស្រវឹងក្នុងអត្រាជាតិអាល់កុលខ្ពស់នេះ ចំនួន២,០០០,០០០(ពីរលាន) រៀល និងដកពិន្ទុលើបណ្ណបើកបរ ចំនួន៦ពិន្ទុ ហើយសាមីខ្លួននឹងត្រូវបង់ពិន័យតាមបង្កាន់ដៃពិន័យអន្តរការណ៍ចំពោះអំពើ ល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ នៅមុន ឬត្រឹមពេលកំណត់ យោងតាមមាត្រា ១០ថ្មី នៃអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។




លុះបន្តិចក្រោយមក ឈានចូលថ្ងៃទី៣ ខែឆ្នាំដដែល ស្រាប់តែមានស្ត្រី ជនជាតិខ្មែរ ចំនួន២នាក់ បានទៅដល់ចំណុចគោលដៅត្រួតពិនិត្យខាងលើនេះដែរ, ពេលនោះស្ត្រី ១នាក់ ឈ្មោះ នេត ស្រីពៅ បានមានការឈ្លោះប្រកែក ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណីប្រាក់ចំនួន២,០០០,០០០ (ពីរលាន) រៀល ដោយស្រ្តីរូបនោះចង់ឲ្យមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ទទួលយកប្រាក់ពិន័យអន្តរការណ៍ចំនួន ២,០០០,០០០ (ពីរលាន) រៀល និងស្នើឲ្យត្រូវចេញវិក័យបត្រ (បង្កាន់ដៃពិន័យ) ភ្លាមៗនាពេលនោះ ដើម្បីអាចយករថយន្ត និង អ្នកបើកបរត្រឡប់ទៅវិញ ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមិនព្រមអនុវត្តតាម ដោយហេតុថា យោងតាម ស្មារតីនៃអនុក្រឹត្យខាងលើ ក្នុងករណីល្មើសនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបញ្ឈប់មិនឲ្យបន្ដដំណើរទៅមុខទៀតទេ ហើយបន្តអនុវត្តនីតិវិធីរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក។

រូបតំណាងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
បន្ទាប់មកស្ត្រីរូបនោះ និងអ្នកបើកបររថយន្ត ក៏បានធ្វើសកម្មភាព ថតវីដេអូរ ស្រែកឡូឡា និងជេរប្រមាថមាក់ងាយ ទៅលើកម្លាំងសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក នៅចំណុចគោលដៅត្រួតពិនិត្យខាងលើ (ដូចមានក្នុងឃ្លីបវីដេអូរ ដែលត្រូវបានបង្ហោះ ផ្សព្វផ្សាយ និងចែកចាយនៅលើបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមជាច្រើន) ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីនគរបាលជាតិ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ និងបញ្ហារបស់អាជ្ញាធរសាធារណៈ។


ក្រោយពេលកើតហេតុ ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានធ្វើការឃាត់ខ្លួន បុរសជនជាតិចិន ឈ្មោះ CHANG YANAN (ជាអ្នកបើកបររថយន្ត) និងស្រ្តីឈ្មោះ នេត ស្រីពៅ (ត្រូវជាប្រពន្ធរបស់អ្នកបើកបរ) បន្ទាប់ពីសមត្ថកិច្ចជំនាញបានរកឃើញមានតម្រុយនៃអំពើ និងសកម្មភាពរបស់អ្នកទាំងពីរ ជាបទល្មើសព្រហ្មទណ្ឌ ដែលជាការធ្វើឡើងប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលកំពុងធ្វើសកម្មភាព ដើម្បីអនុវត្តច្បាប់ និងបញ្ហារបស់អាជ្ញាធរសាធារណៈ ហើយការបង្ហោះផ្សព្វផ្សាយពាសពេញបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមនេះ គឺជាអំពើញុះញង់ដោយផ្ទាល់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីនគរបាលជាតិ។

រូបតំណាងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើឈ្មោះ នេត ស្រីពៅ និង ឈ្មោះ CHANG YANAN ពីបទញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាន ទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៩៦ និងមាត្រា ៥០៤ ចំណុច ១ នៃក្រមព្រហ្មទណ្ឌ បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១២៨ អ.យ.ឆ/២៦ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


