Connect with us

អត្ថាធិប្បាយ

សង្គ្រាមការពិត៖ និយាយរឿងពិត ចំពេលវេលា ចំទីកន្លែងទៅកាន់ពិភពលោក

បានផុស

នៅ

មិនមែនដូចសម័យបុរាណកាលដែលដានជើងទ័ពសេះបោលទៅមុខ និងកាន់កាប់ដល់ទីណា គេអាចប្រកាសថា ព្រំដែនសីមាប្រទេសគេលាតសន្ធឹងទៅដល់ទីនោះទេ។ សម័យកាលបច្ចុប្បន្ន ក្រោយសង្គ្រាមលោកលើកទី២ ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយកំណត់គោលការណ៍ច្បាប់អន្តរជាតិយ៉ាងច្បាស់ថា ព្រំដែនរដ្ឋ គឺជាដែនអធិបតេយ្យភាព បូរណភាពរបស់រដ្ឋនីមួយៗដែលមិនអាចកែប្រែដោយកម្លាំងបានឡើយ។ ប្រការនេះ មានន័យថា ទោះបីប្រទេសធំប្រើប្រាស់កម្លាំងឈ្លានពានកាន់កាប់មួយផ្នែកនៃទឹកដីប្រទេសតូច រួចប្រកាសថាជាដែនដីរបស់ខ្លួន ទាំងរវាងប្រទេសទាំងពីរមានកិច្ចព្រមព្រៀងបែងចែកព្រំដែនហើយក្តី ក៏ប្រទេសធំនោះ មិនអាចទាមទារយកភាពស្របច្បាប់អន្តរជាតិក្នុងការកាន់កាប់ទឹកដីនោះថាជារបស់ខ្លួនបានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យ៉ាងណាមិញ រយៈពេលកន្លងមក ភាគីថៃបានប្រើប្រាស់កម្លាំងទ័ពឈ្លានពានយ៉ាងកម្រោល វាយកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកដោយខុសច្បាប់ មានពលរដ្ឋខ្មែរជាច្រើនភ័យខ្លាចថា ទឹកដីដែលទ័ពឈ្លានពានបានកាន់កាប់ និងព្យាយាមខណ្ឌចែកដោយកុងតឺន័រ បន្លាលួស ជីកប្រឡាយ ធ្វើរបង។ល។នោះ នឹងត្រូវបាត់បង់ទៅចោរសៀមដោយស្វ័យប្រវត្តិ។ តាមពិតមិនអាចទៅរួចទេ ហើយសូម្បីពួកចោរសៀមក៏ដឹងថា ទៅមិនរួចដែរ ទើបពួកគេខិតខំមួលបង្កាច់ បកស្រាយទាំងបំពានថា នេះជាដីចាស់របស់គេដែលត្រូវពលរដ្ឋខ្មែរភៀសខ្លួនកាន់កាប់មិនព្រមសងទៅឱ្យថៃវិញកាលនៅជាជនភៀសសឹកលើដីថៃ។

ការបកស្រាយបំភ្លៃ បិទបាំងការពិត និងបំបែកបំបាក់របស់ថៃ រួមជាមួយការបំភិតបំភ័យ មួលបង្កាច់របស់ពួកប្រឆាំងជ្រុលនិយមខ្មែរ កាន់តែធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំជាច្រើន។ សកម្មភាពអវិជ្ជមានទាំងនេះ បានជំរុញឱ្យរាជរដ្ឋាភិបាលខិតខំជាប្រចាំ បកស្រាយពន្យល់ការពិតដល់ប្រជាជនខ្មែរ និងទៅកាន់ពិភពលោកអំពីសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបានប្រើកម្លាំងឈ្លានពានកាន់កាប់ទឹកដីកម្ពុជាយ៉ាងពិតប្រាកដ មិនមែនគ្រាន់តែជាជម្លោះព្រំដែន ឬជាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននោះទេ។

ក្នុងអត្ថន័យនេះ ដំណើរបំពេញបេសកកម្មទៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាដំណើរដ៏កក្រើកមេឃ ចំពេលវេលា ចំទីកន្លែង គឺចំទីតាំងបេះដូងអន្តរជាតិ និងបាននិយាយចំសាច់រឿងការពិតទៅប្រាប់ពិភពលោក។ គោលបំណងពិតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនឹកនៃក្រុមប្រឹក្សាសន្តិភាព(Board of Peace)តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងការអញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស និង ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក គឺជាការបង្ហាញឆន្ទះពិតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលស្រឡាញ់ និងចង់បានសន្តិភាពផង និងចងក្រងមិត្តភាពជាមួយគ្រប់ប្រទេស ដើម្បីជួយដល់បុព្វហេតុកសាងសន្តិភាព និងយុត្តធម៌ដល់ប្រទេសកម្ពុជាដែលកំពុងរងគ្រោះ រងការឈ្លានពាន និងការគំរាមកំហែងប្រើប្រាស់កម្លាំងពីសំណាក់កងទ័ពថៃជានិច្ចកាល។

ការផ្តល់កិច្ចសម្ភាសរបស់សម្តេចធិបតីដោយផ្ទាល់ នៅចំកណ្តាលរដ្ឋធានី Washington សហរដ្ឋអាមេរិក ដោយបង្ហាញភាពច្បាស់លាស់នៃការពិត ដោយឥរិយាបទនឹងធឹង ឆន្ទៈគោរពច្បាប់អន្តរជាតិ ទឹកចិត្តស្រឡាញ់សន្តិភាព កាយវិការទន់ភ្លន់តែម៉ឺងម៉ាត់ តាមរយៈសារព័ត៌មានដ៏ល្បីនៃពិភពលោក គឺ Reuters និង Fox News គឺជាព្រឹត្តិការណ៍ព័ត៌មានដ៏កក្រើកសាធារណមតិបំផុត បាននាំមកនូវក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរ និងបង្ហាញដល់ប្រជាជនពិភពលោកនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលស្រឡាញ់សន្តិភាព យុត្តិធម៌ ការគោរពច្បាប់អន្តរជាតិ មិនចង់បានទឹកដីរបស់គេ ហើយក៏ដាច់ខាតប្រឆាំងមិនឱ្យបរទេសកាន់កាប់ទឹកដីអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាឡើយ។ សារដ៏ច្បាស់លាស់របស់សម្តេចធិបតី ប្រកបដោយសុឆន្ទៈចង់ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈមធ្យោបាយការទូត លើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ មិនគំរាម និងប្រើប្រាស់កម្លាំង បានវាយបំបាក់មហិច្ចតាប៉ុនប៉ងស៊ីឆៅដីខ្មែរ ធ្វើឱ្យមជ្ឈដ្ឋានអ្នកដឹកនាំ និងយោធាថៃរងសម្ពាធជាអន្តរជាតិ និងខំការពារខ្លួនទាំងប្រឌិតព័ត៌មានមិនពិត។ ពាក្យដែលដិតដាមក្នុងអារម្មណ៍មនុស្សអ្នកស្តាប់ចងចាំរបស់សម្តេចធិបតីគឺ៖ «ឥឡូវនេះនៅពេលដែលកងទ័ពត្រូវបានបញ្ឈប់ការប្រយុទ្ធ កងទ័ពថៃកំពុងកាន់កាប់យ៉ាងជ្រៅជាមួយកុងតឺន័រ និងបន្លាលួស។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់នេះ គឺហួសពីការទាមទារឯកតោភាគីរបស់ថៃទៅទៀត។ ហើយតំបន់នេះអ្នកភូមិជាច្រើនមិនអាចត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនបានទេ»។

ទន្ទឹមនឹងនេះ ការជួបសន្ទនាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំតាមក្រសួងសំខាន់ៗដូចជាក្រសួងការបរទេស ក្រសួងសង្គ្រាម ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក មេដឹកនាំប្រទេសនានា លោកអគ្គលេខាអង្គការសហប្រជាជាតិ Antonio Guterres, លោកជំទាវប្រធានមហាសន្និបាតសហប្រជាជាតិ អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំជាច្រើនទៀត មិនត្រឹមតែពង្រឹងជំនឿលើការពិតចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាប៉ុណ្ណោះទេ ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ការងារការទូត ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឆបោកអនឡាយ កិច្ចការមនុស្សធម៌ ការពារជនភៀសខ្លួន ធ្វើឱ្យសាធារណមតិអន្តរជាតិកាន់តែយល់ច្បាស់ និងជួយដល់បុព្វហេតុតស៊ូដ៏យុត្តិធម៌របស់ប្រទេសកម្ពុជា និងជំរុញឱ្យភាគីថៃកាន់តែឯកោអន្តរជាតិ ត្រូវតែដកទ័ពចេញពីដែនដីអធិបតេយ្យភាពកម្ពុជាដោយគ្មានលក្ខខណ្ឌនាពេលខាងមុខ វិលត្រឡប់ដោះស្រាយបញ្ហាតាមយន្តការដែលបានព្រមព្រៀងគ្នា និងស្តារប្រក្រតីភាពទំនាក់ទំនងជិតខាង ឈរលើគោលការគោរពគ្នាទៅវិញទៅមក និងទទួលផលប្រយោជន៍រួម ជាពិសេស ក្រោយពេលមានរាជរដ្ឋាភិបាលថៃថ្មី ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាពនៃតំបន់អាស៊ាន និងលើសកលលោកទាំងមូល៕

ដោយ៖ បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម