កីឡា
កីឡាប្រដាល់សកលកម្ពុជា ចាប់ផ្តើមប្រកួតប្រចាំខែទាំងគូជាតិ និងអន្តរជាតិ
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាប់ផ្តើមការប្រកួតជារៀងរាល់ខែដោយមានទាំងគូមិត្តភាពជាតិកម្រិតអាជីព គូមិត្តភាពអន្តរជាតិ និងគូថ្នាលជាមួយក្តីស្រមៃឆ្ពោះទៅរកការដណ្តើមមេដាយកលឆាកអន្តរជាតិ។

សហព័ន្ធកឡាប្រដាល់កម្ពុជា ទទួលបានក្រុមហ៊ុន វឌ្ឍនៈ ជាដៃគូឧបត្ថម្ភផ្តាច់មុខរយៈពេលមួយឆ្នាំដោយគិតចាប់ពីខែកុម្ភៈ ដល់ ខែធ្នូ ឆ្នាំ ២០២៦។ នេះជាការបើកទំព័រសករាជថ្មីនៃកីឡាប្រដាល់សកលកម្ពុជាដែលទទួលការឧបត្ថម្ភពីដៃគូឯកជនរយៈពេលវែង និងរៀបចំការប្រកួតទៀងទាត់។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានប្រសាសន៍ថា ក្នុងនាមលោកជាប្រធានកីឡាប្រដាល់សកលអាណត្តិថ្មីនេះគឺធ្វើយ៉ាងឲ្យកីឡាប្រដាល់សកលកម្ពុជារីកមច្រើន និងមានសមត្ថភាពកម្រិតខ្ពស់ដែលអាចប្រកួតលើឆាកអន្តរជាតិបានចាប់ពីឆ្នាំ ២០២៦ទៅ។

លោកមានប្រសាសន៍ថា ៖«នេះជាលើកដំបូងហើយដែលយើងមានដៃគូឧបត្ថម្ភរយៈពេលវែងសម្រាប់រៀបចំកម្មវិធីប្រកួតឲ្យបានទៀងទាត់។ ការប្រកួតទៀងទាត់រយៈពេលវែងបែបនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កីឡាប្រដាល់សកលកម្ពុជា។ យើងមិនត្រឹមតែផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីកម្រិតអាជីពបង្កើនសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឲ្យពួកគាត់ទទួលបានចំណូលថែមទៀតផង។ យើងក៏ផ្តល់ឱកាសឲ្យក្មេងៗបានប្រកួតដើម្បីអភិវឌ្ឍថ្នាលផងដែរ»។

«គោលដៅរបស់យើងនៅឆ្នាំ ២០២៦នេះ គឺការចូលរួមប្រកួតកីឡាទ្វីបអាស៊ីនៅជប៉ុន និងចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសអ៊ូបេគីស្ថាន ហើយនៅឆ្នាំ ២០២៧ យើងត្រូវប្រកួតកីឡាស៊ីហ្គេម នៅម៉ាឡេស៊ី។ ជាពិសេស យើងត្រូវខិតខំប្រឹងប្រែងដើម្បីឲ្យទទួលបានលទ្ធផលល្អក្នុងវគ្គជម្រុះកីឡាអូឡាំពិក ឆ្នាំ ២០២៨»។ នេះជាគោលដៅសំខាន់ៗចំពោះមុខដែលលោក ប៊ុយ សុភ័ណ្ឌបានបង្ហាញ។

ដើម្បីឲ្យទទួលបានលទ្ធផលកាន់តែល្អ និងបង្កើនសមត្ថភាពឲ្យឈានឡើងជាលំដាប់សម្រាប់កីឡាករ កីឡាការិនី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានសម្រេចរៀបចំការប្រកួតជាតិ និងអន្តរជាតិ ទាំងកម្រិតអាជីព និងកម្រិតថ្នាលយុវជន។ សម្រាប់កម្មវិធីប្រកួតដំបូងនាថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ មានការប្រកួតគូថ្នាល២គូ ការប្រកួតអាជីពមិត្តភាព២គូ និងការប្រកួតអាជីពអន្តរជាតិ២គូ ក្នុងនោះកីឡាករអ៉ឺរ៉ង់ និងកីឡាករសិង្ហបុរីនឹងមកប្រកួតជាគូអន្តរជាតិ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីសង្វៀនប្រដាល់គុនខ្មែរនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍លែងដាក់កីឡាប្រដាល់សកលចូលជាមួយបានធ្វើឲ្យកីឡាករ កីឡាការិនីកម្ពុជាមិនសូវសកម្មភាពឡើងសង្វៀន។ កីឡាករ កីឡាការិនីប្រដាល់សកលខ្លះផ្លាស់ទៅហ្វឹកហាត់ប្រដាល់គុនខ្មែរ ហើយអ្នកខ្លះទៀតបន្តនៅហ្វឹកហាត់ តែគ្មានការប្រកួត។ ពួកគេមានកម្មវិធីប្រកួតមួយឆ្នាំម្តង ឬពីរដងប៉ុណ្ណោះ។ សូមបញ្ជាក់ថា ប្រដាល់សកលជាកីឡាអូឡាំពិកដែលមានការប្រកួតផ្លូវការគ្រប់កម្រិតទាំងតំបន់ ទ្វីប និងពិភពលោក៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


