Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាលើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សាបន្តស្រាវជ្រាវ ដើម្បីដំណើរឆ្ពោះទៅការផលិតទំនិញក្នុងស្រុក

បានផុស

នៅ

លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកទឹកចិត្តដល់សាកលវិទ្យាល័យនានាឱ្យបន្តសិក្សាស្រាវជ្រាវ ដើម្បីបង្កើតផលិតផល និងសេវាកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្តែងក្នុងស្រុក ពេលបច្ចុប្បន្ន។ ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពេលដែលលោកធ្វើបទបាឋកថាស្ដីពីដំណើរឆ្ពោះទៅការផលិតទំនិញនៅកម្ពុជា ដល់សាស្រ្ដាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធន់ វឌ្ឍនា បានលើកឡើងពីតម្រូវការកាហ្វេ និងកាកាវ ដែលមានសក្តានុពលខ្លាំង និងយូរអង្វែង។ ដូច្នេះ លោក ថា គួរជំរុញការដាំដុះដំណាំទាំងពីរនេះបន្ថែមទៀត ជាពិសេសនៅខេត្តមណ្ឌលគិរី និងរតនគិរី ដែលស្របទៅនឹងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។

បើតាមលោក ធន់ វឌ្ឍនា បច្ចុប្បន្ន សាកលវិទ្យាល័យមួយចំនួន បានធ្វើការស្រាវជ្រាវជាច្រើន រហូតដល់មានផលិតផល ដាក់លក់នៅតាមទីផ្សារ។

ក្នុងបរិបទនៃជម្លោះព្រំដែន លោកអនុប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ តែថែមទាំងជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។ ក្នុងន័យនេះ លោក បានលើកទឹកចិត្តដល់សាកលវិទ្យាល័យឱ្យសហការជាមួយវិស័យឯកជន ក្នុងការស្រាវជ្រាវបង្កើនផលិតផល និងសេវាកម្មប្រកបដោយគុណភាពដើម្បីជំនួសទំនិញ និងសេវានាំចូលមួយចំនួន។

ដើម្បីឱ្យកម្ពុជាសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ លោក ថា ប្រជាជនគ្រប់រូបគប្បីលើកកម្ពស់ជីវភាព តាមរយៈការធានាឱ្យបាននូវសុខសុវត្ថិភាព សុខភាព និងសមត្ថភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម