Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ណែនាំមន្ទីរ អង្គភាពជំនាញចុះពិនិត្យតាមទីតាំងស្ថានីយប្រេងឥន្ធនៈ ជៀសវាងដំឡើងថ្លៃខុសប្រក្រតី

បានផុស

នៅ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរព តាមគោលការណ៍តម្លៃលើទីផ្សារដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានណែនាំដូច្នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ ១.៥ម៉ែត្រ គុណ១.៥ ម៉ែត្រ ប្រវែង ៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង ២ម៉ែត្រ គុណ២ម៉ែត្រ ប្រវែង ២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ លោកបានគូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេង និងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។

តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេង ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឺងបន្ទាប់ គឺត្រូវលក់ ៥ ៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៦ ៥៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម