Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាបន្តជំរុញឱ្យសមាជិកខ្លួនជួយដោះស្រាយបញ្ហាដែលស្នើដោយក្រុមប្រឹក្សាឃុំសង្កាត់

បានផុស

នៅ

អនុប្រធានទី២នៃព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានថ្លែងជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់បន្តជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណើដែលស្នើឡើងដោយអាជ្ញាធរមូលដ្ឋាន ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ការថ្លែងជំរុញនេះ បានធ្វើឡើងក្នុងពេលលោក ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទី៤ និងទី៧ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសអំពីបញ្ហាប្រឈម និងសំណូមពរ ដែលត្រូវបន្តតាមដាន ព្រមទាំងពិភាក្សាអំពីការរៀបចំរបាយការណ៍ឱ្យបានខ្លីខ្លឹមមានន័យគ្រប់គ្រាន់ និងមានសង្គតិភាព ដោយឆ្លុះបញ្ចាំងនូវកិច្ចសហការ និងគុណតម្លៃជាមួយភាគីពាក់ព័ន្ធទៅលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយដែលមានក្នុងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥។

លោក ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភាបន្តយកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរ ដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។

ក្នុងកិច្ចប្រជុំខាងលើ លោកអនុប្រធានព្រឹទ្ធសភា ក៏បានឯកភាពនិងសាទរចំពោះលទ្ធផលសម្រេចបានរបស់ក្រុមសមាជិកព្រឹទ្ធសភាផងដែរ ជាអាទិ៍ពាក់ព័ន្ធការសម្របសម្រួលតាមសំណើប្រជាពលរដ្ឋ សុំស្តារព្រែកនៅភូមិតានី ដែលស្ថិតក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ការស្ថាបនាផ្លូវក្រាលកៅស៊ូ និងស្ថាបនាគ្រឹះក្រោមផ្លូវថ្មី ចំនួន៤ខ្សែ សរុបប្រវែង១១ ២០១ម៉ែត្រ នៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ។

បន្ថែមពីនេះ គឺទទួលយកកុមារ និងប្រជាជនភៀសសឹកចំនួន៤០គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ មកស្នាក់អាស្រ័យនៅខេត្តកំពង់ស្ពឺ ព្រមទាំងជួយឧបត្ថម្ភគាំទ្រការស្នាក់នៅ អាហារហូបចុក ចូលរៀន ក៏ដូចជាការទទួលយកសំណើ ដើម្បីពិនិត្យ និងវាយតម្លៃដើម្បីជួសជុលផ្លូវឱ្យបានមុនរដូវភ្លៀងព្រមទាំងភ្ជាប់បណ្តាញទឹកភ្លើងនៅភូមិឫទ្ធី១ និងឫទ្ធី២ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងរៀបចំកៀរគរប្រមូលថវិកាសាងសង់អគារសិក្សានៅសាលាបឋមសិក្សាកោះដាច់ ខណ្ឌជ្រោយចង្វារ ដោយលោកសង្ឃឹមថា នឹងប្រមូលថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់អគារថ្មីនៅឆ្នាំ២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម