Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីវាយអ៊ីរ៉ង់ហើយ

បានផុស

នៅ

ទីបំផុត ប្រទេសអារ៉ាប៊ីសាអូឌីត បានបើកភ្លើងខៀវ អនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ហើយ ដែលរឿងនេះច្បាស់ណាស់ថា នឹងធ្វើឲ្យភ្លើងសង្គ្រាមមជ្ឈិមបូព៌ា កាន់តែឆាបឆេះសន្ធោសន្ធៅទៅៗហើយ។

(រូប៖ Reuters)

សារព័ត៌មាន Wall Street Journal បានដកស្រង់ប្រភពផ្ទៃក្នុងដែលទម្លាយនៅថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ថា អារ៉ាប៊ីសាអូឌីត ពេលនេះអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ពអាកាស King Fahd នៅប៉ែកខាងលិចនៃឧបទ្វីបអារ៉ាប់ ធ្វើជាបន្ទាយ ដើម្បីច្បាំងជាមួយអ៊ីរ៉ង់ហើយ។

ដ្បិតគ្មានការបញ្ជាក់ច្បាស់ ប៉ុន្តែគេដឹងថា មូលហេតុដែលអារ៉ាប៊ីសាអូឌីតសម្រេចចិត្តបែបនេះ គឺដោយសារអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz និងវាយប្រហារដោយដ្រូនលើរោងចក្រប្រេង Aramco ទើបធ្វើឲ្យទីក្រុងរីយ៉ាដ យល់ថា សន្តិសុខជាតិរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់បំផុតហើយនាពេលនេះ។

ម្យ៉ាង វាក៏អាចដោយសារសម្ពាធនិងការធានាពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ ដែលលោកប្រហែលផ្តល់ការធានាសន្តិសុខកម្រិតខ្ពស់ ឬកិច្ចព្រមព្រៀងអាវុធខ្នាតយក្សណាមួយ ជាថ្នូរនឹងការប្រើប្រាស់មូលដ្ឋាន King Fahd។

(រូប៖ Reuters)

មុននេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានបញ្ជាក់រួចហើយថា ការអត់ធ្មត់ មានដែនកំណត់ ខណៈព្រះអង្គម្ចាស់ Mohammed bin Salman ក៏ប្រកាសក្តែងៗពីការត្រៀមលក្ខណៈដើម្បីចូលរួម ក្នុងប្រតិបត្តិការទាំងឡាយណាដែលផ្តោតគោលដៅលើ អ៊ីរ៉ង់ផងដែរ។

King Fahd គឺជាមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅជិតទីក្រុង Taif។ វាស្ថិតនៅកម្ពស់ខ្ពស់លើតំបន់ភ្នំ ជាមួយអាកាសធាតុត្រជាក់ជាងតំបន់វាលខ្សាច់ ដែលផ្តល់ភាពងាយស្រួលដល់ការថែទាំម៉ាស៊ីនយន្តហោះចម្បាំង។

ពេលកងទ័ពអាមេរិកប្រើមូលដ្ឋាននេះ, King Fahd នឹងក្លាយជាកន្លែងចាក់ប្រេងលើអាកាស និងជាមូលដ្ឋានសម្រាកសម្រាប់យន្តហោះចម្បាំងអាមេរិក ដែលធ្វើដំណើរមកពីតំបន់អឺរ៉ុប ឬសមុទ្រមេឌីទែរ៉ាណេ។ មុននេះដែរ កងទ័ពអាកាសអាមេរិកនិងអារ៉ាប៊ីសាអូឌីត បានបង្កើនសមយុទ្ធរួមគ្នារួចទៅហើយនៅទីនោះ ដើម្បីត្រៀមបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅយុទ្ធសាស្ត្រក្នុងដីអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម