Connect with us

ព័ត៌មានជាតិ

ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធានៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា បញ្ជាក់ថា ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធាប្រចាំនៅកម្ពុជា ក្នុងបំណងដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ការបញ្ជាក់របស់ភាគីឥណ្ឌាបែបនេះ គឺបានធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា បានជម្រាបលោក ប្រាក់ សុខុន ពីការបើកការិយាល័យអនុព័ន្ធយោធាប្រចាំស្ថានទូតរបស់ខ្លួនពេលឆាប់ៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្ដីពីខ្លឹមសារនៃជំនួបពិភាក្សានោះ។

ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរវាងកម្ពុជា និងឥណ្ឌា ជាមួយនឹងការកត់សម្គាល់អំពីសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

ដោយក្នុងឆ្នាំ២០២៧ខាងមុខ ជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសកម្មភាព និងកម្មវិធីនានារួមគ្នា ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ។

លោក Shri P. Kumaran បានសម្ដែងក្តីរីករាយចំពោះការរីកចម្រើនភាពជាដៃគូ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា រួមទាំងតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ។

គួរឱ្យដឹងថា ក្រៅពីកិច្ចពិភាក្សាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ក៏ដូចជាការរិះរកមធ្យោបាយនានាពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ប្រមុខការទូតកម្ពុជា ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅភាគីឥណ្ឌាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម