Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បោះសម្តីទៅលោក ត្រាំ ថា៖ «ច្រក Hormuz ​គង់តែបើកវិញទេ ប៉ុន្តែមិនមែនសម្រាប់អាមេរិកឡើយ»

បានផុស

នៅ

ស្របពេលតម្លៃប្រេងជាសកលកំពុងហក់ឡើងខ្ពស់ដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ Hormuz នោះ ពេលនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានបោះពាក្យទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ច្រកនេះគង់តែបើកវិញទេ ប៉ុន្តែមិនមែនបើកសម្រាប់អាមេរិកឡើយ។

កប៉ាល់ដឹកទំនិញនៅច្រក Hormuz (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធទី១ខែមេសាឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi សរសេរថា៖ «ច្រក Hormuz គង់តែបើកឡើងវិញទេ ប៉ុន្តែមិនមែនសម្រាប់អ្នកឡើយ គឺវាសម្រាប់តែអ្នកណាដែលគោរពតាមច្បាប់ថ្មីរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។ ការទទួលបដិសណ្ឋារកិច្ចរយៈពេល៤៧ឆ្នាំ បានបញ្ចប់ជារៀងរហូតហើយ»។

ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់រូបនេះក៏ផ្លែផ្កាទៅប្រធានាធិបតីអាមេរិកដែរថា៖ «ទីបំផុត ក្តីសុបិនរបស់លោកត្រាំ ក្នុងការផ្លាស់ប្តូររបបបានក្លាយជាការពិតហើយ ប៉ុន្តែនោះគឺផ្លាស់ប្តូររបបដែនសមុទ្រនៅក្នុងតំបន់ទៅវិញទេ!»។

ប្រធានគណៈកម្មាធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi (រូប៖ Tehran Times)

ការបង្ហោះសាររបស់លោក Azizi កើតឡើងបន្ទាប់ពី គណៈកម្មាធិការសន្តិសុខជាតិអ៊ីរ៉ង់បានអនុម័តផែនការយកពន្ធ លើនាវាទាំងឡាយណាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

យ៉ាងណា ​លោកត្រាំប្រកាសមុននេះថា អាមេរិក​លែង​ខ្វល់រឿង​បើក​ច្រក Hormuz ទៀតហើយ និងថែមទាំងប្រាប់​សម្ព័ន្ធ​មិត្ត​​ឲ្យចូលទៅ​​យក​ប្រេងដោយ​ខ្លួន​ឯងទៅ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

យោង​តាម Al Jazeera និង Euro.News ផ្សាយ​ថ្ងៃ​ទី​៣១ខែមីនា លោក​ ត្រាំ បង្ហោះ​លើ​ Truth Social ថា​៖ «ពួក​​អ្នកនឹង​ត្រូវចាប់ផ្តើម​រៀន​ពី​របៀប​តស៊ូដើម្បីខ្លួនឯង សហរដ្ឋអាមេរិក​នឹង​មិន​នៅ​ទីនោះ​ដើម្បីជួយអ្នក​ទៀតទេ ដូច​ជា​ពួក​អ្នកមិន​នៅទីនោះ​សម្រាប់យើង​ដែរ​។ អ៊ីរ៉ង់​ត្រូវ​បាន​បំផ្លិចបំផ្លាញយ៉ាងខ្លាំង​ហើយ​។ ចំណែក​ផ្នែក​ដ៏លំបាកក៏​រួច​រាល់​ហើយ​ដែរ​។ សូម​ទៅ​យក​ប្រេង​របស់អ្នក​ដោយ​ខ្លួន​ឯង​ទៅ​។ ពួកគេគួរតែ​ទៅ​ទិញ​ប្រេង​ឥន្ធនៈ​ពីសហរដ្ឋអាមេរិក ព្រោះយើង​មានច្រើនណាស់»។

ការអត្ថាធិប្បាយ​របស់ លោក ត្រាំ​ បាន​កើតឡើងចំថ្ងៃដែល​ ​តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក​កើនដល់កម្រិតខ្ពស់បំផុត​ជាលើក​ដំបូង ចាប់តាំងពីឆ្នាំ ២០២២មក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម