Connect with us

សេដ្ឋកិច្ច

កសិករអះអាងថា ផ្លែឪឡឹកលឿង មានតម្លៃទីផ្សារខ្ពស់ នៅរដូវប្រមូលផល

បានផុស

នៅ

កសិករដាំឪឡឹកបានប្រាប់ឱ្យដឹងថា ផ្លែឪឡឹកមិនមែនមានតែសាច់ពណ៌ក្រហមមួយនោះទេ ពោលគឺមានរហូតដល់ទៅ ៣ ពណ៌ គឺសាច់ខាងក្នុងមានពណ៌ក្រហម ​លឿង និងពណ៌ផ្កាឈូក រីឯតម្លៃ និងរសជាតិក៏ខុសគ្នាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៅ មករា ជាប្រជាកសិកររស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា បច្ចុប្បន្នលោកមានដីចម្ការមួយកន្លែងទំហំប្រមាណមួយហិកតា នៅចំណុចភូមិរូង ឃុំកន្ទឺ ២ ស្រុកបាណន់ ដោយលោកបានដាំពោតហើយនៅខាងក្រោមលោកបានដាំឪឡឹកចំនួន ៣ ប្រភេទ ដែលនេះគឺជាការដាំតាមបែបលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលគ្រាន់នឹងទ្រទ្រង់​ជីវភាពប្រចាំថ្ងៃ។

លោកបានបន្តថា ចាប់តាំងពីដើមខែមេសាមក គឺជាពេលវេលាដែលត្រូវប្រមូលផលឪឡឹក ដើម្បីដឹកយកទៅលក់លើទីផ្សារ ដែលក្នុងនោះក៏មានបងប្អូនកូនក្មួយមកជួយបេះនឹងជួយលក់ផងដែរ។

សម្រាប់ពូជឪឡឹកទាំង ៣ ប្រភេទ គឺមានឈ្មោះផ្សេងៗគ្នា ដោយឪឡឹកដែលមានសាច់ពណ៌ក្រហម វាមានឈ្មោះថា (វណ្ណា៥០៣) ចំពោះឪឡឹកដែលមានសាច់ពណ៌លឿង វាមានឈ្មោះថា (យេឡូស្ទូន) រីឯឪឡឹកដែលមានសាច់ពណ៌ផ្កាឈូក វាមានឈ្មោះថា (លឿងរាជ) ហើយពួកវាមានរសជាតិខុសៗគ្នា ប៉ុន្តែសម្រាប់ឪឡឹកដែលមានសាច់ពណ៌លឿង និងព៌ណផ្កាឈូក គឺមានតម្លៃថ្លៃជាងឪឡឹកដែលមានសាច់ក្រហម។

កសិកររូបនេះបានប្រាប់ឱ្យដឹងថា ការដាំឪឡឹកទាំងនេះគឺលោកមិនបានប្រើជីគីមី ឬថ្នាំសម្លាប់សត្វល្អិតអ្វីបន្តិចនោះទេ គឺដាំក្នុងរបៀបធម្មជាតិសុទ្ធសាធ ដូច្នេះហើយទើបមានផ្លែខ្លះស្នាមស្រមោចស៊ីតាមសំបកបន្តិចបន្តួច ហើយការដឹកគោយន្តច្នៃមកដាក់លក់នៅលើទីផ្សារក្នុងក្រុងបាត់ដំបង គឺឪឡឹកក្រហម ក្នុងមួយផ្លែលក់បានតម្លៃចាប់ពី ៣០០០ រៀល ដល់ ៥០០០ រៀល ដោយឡែកចំពោះឪឡឹកដែលមានពណ៌ផ្កាឈូក និងពណ៌លឿង គឺលក់បានតម្លៃចាប់ពី ៥០០០ រៀល ដល់ ១២០០០ រៀល ក្នុងមួយផ្លែទៅតាមទំហំតូចធំ បើកាត់កងទៅលើការចំណាយ គឺលោកអាចសល់ខ្លះសម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ និងលើការចំណាយប្រចាំថ្ងៃ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម