Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ត្រៀម​​វាយ​ប្រហារ​រោង​ចក្រ​ថា​មពល​អ៊ីរ៉ង់​ បើ​បទឈប់​បាញ់​​​​​បរាជ័យ​

បានផុស

នៅ

អ៊ីស្រាអែលជាមួយ​សម្ព័ន្ធមិត្តរបស់ខ្លួន​គឺសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនក្នុង​ការ​​វាយ​ប្រហារ​រោង​ចក្រ​ថាមពល​​ដ៏​មាន​សក្តានុពល​របស់អ៊ីរ៉ង់​ ប្រសិន​បើ​​បទ​ឈប់​បាញ់រវាង​ទីក្រុង​វ៉ាស៊ីន​តោន​​-ទីក្រុង​តេហេរ៉ង់​ផុត​សុពលភាព ឬ​​​ដួលរលំ​នោះ​​។ នេះ​បើ​យោងតាមការចុះ​ផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មាន​តួក​គី​ Anadolu កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ផ្សាយ​​ដោយ​​ដកស្រង់​ពី​កាសែតអ៊ីស្រាអែល Maariv ដែល​រាយការណ៍ថា ​មន្ត្រី​យោធា​ជាន់ខ្ពស់អ៊ីស្រាអែល​ម្នាក់ដែល​សុំ​មិនបញ្ចេញឈ្មោះ បាន​​និយាយថា​៖ « មាន​ការសម្របសម្រួលយ៉ាងជិតស្និទ្ធ​រវាងភាគីទាំងពីរ [​អ៊ីស្រាអែល​និង​អាមេរិក​] ហើយ​ប្រសិន​បើ​ការប្រយុទ្ធគ្នាបន្ត​កើត​​ឡើង​វិញ គោលដៅទាំងនោះ​ក៏នឹងរួមបញ្ចូល​រោងចក្រថាមពល​អ៊ីរ៉ង់​ផងដែរ»។

បើតាមរបាយការណ៍​របស់​សារព័ត៌មាន​ Anadolu អះអាងថា​៖ « អ៊ីរ៉ង់ទទូច​រក្សា​លើគោល​ជំហរមុនរបស់ខ្លួន​ទាក់ទង​​ពី​​សិទ្ធិ​ក្នុង​ការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូម ​ហើយ​ប្រទេស​នេះ​ក៏​មិនមានសុទិដ្ឋិនិយម​ក្នុងចំណោមអ្នកសម្របសម្រួលដើម្បី​ធ្វើការ​ចរចា​រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់​ដែរ​»​។

គួរ​បញ្ជាក់​ថា​ នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល​បាន​ចាប់ផ្តើមការវាយលុករួមគ្នា​លើអ៊ីរ៉ង់ ដោយបាន​សម្លាប់មនុស្សជាង ​៣ ៣០០នាក់។ ចំណែក​ទីក្រុងតេហេរ៉ង់បាន​សង​សឹក​ដោយ​ការវាយប្រហារ​លើ​អ៊ីស្រាអែល និង​ប្រទេសក្នុងតំបន់​មជ្ឈិម​បូព៌ា​ផ្សេងទៀតដែល​មាន​ទ្រព្យ​សម្បត្តិ​យោ​ធា​របស់សហរដ្ឋអាមេរិក។

យ៉ាង​ណា​សង្គ្រាមនេះបាន​បញ្ឈប់​​នៅ​ថ្ងៃទី៨ ខែមេសា ក្រោម​បទ​ឈប់​បាញ់​រយៈពេលពីរសប្តាហ៍ដែល​សម្របសម្រួលដោយ​ប្រទេស​ប៉ាគីស្ថាន​។

រោង​ចក្រ​ថាម​ពល​អ៊ីរ៉ង់​។​ រូបភាព៖ Reuters

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បាន​ធ្វើកិច្ចចរចា​ផ្ទាល់​ដ៏កម្រ​នៅ​ក្នុងប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍​មុន ប៉ុន្តែកិច្ចចរចាបានបញ្ចប់​ដោយ​គ្មានកិច្ចព្រមព្រៀងណាមួយ​ឡើយ។ អ្នក​សម្របសម្រួល​កំពុង​ស្វែង​រកការពិភាក្សាជុំមួយ​ទៀតនៅទីក្រុងអ៊ីស្លាម៉ាបាដ​។

ដោយ​ឡែក​ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf លើក​ឡើង​កាលពីថ្ងៃអាទិត្យថា ភាព​ខុសគ្នាសំខាន់ៗ​នៅ​តែមាន​រវាង​ទីក្រុងតេហេរ៉ង់និង​ទីក្រុងវ៉ាស៊ីនតោន ទោះ​បីជាមាន​វឌ្ឍនភាព​ក្នុងការចរចា​ក៏ដោយ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម