ព័ត៌មានជាតិ
ខែមីនា មានយានយន្តអគ្គិសនីប្រមាណ ១ ៦៧៦ គ្រឿងបានចុះបញ្ជី ខណៈនិន្នាការប្រើប្រាស់កើនឡើងជាលំដាប់
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើនឡើងខ្ពស់ជាលំដាប់។ នៅខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនោះរថយន្តមានចំនួន ១ ២៩៣ គ្រឿង។ នេះបើតាមលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅខែមករា ឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៤៨៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៩ គ្រឿង, ខែកុម្ភៈ ឆ្នាំ ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីមានចំនួន ១ ០៧៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៨៨៩ គ្រឿង។

លោក ផន រឹម បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៦ ២១០ គ្រឿង ក្នុងនោះទោចក្រយានយន្តមានចំនួន ៣ ៨៣២ គ្រឿង ត្រីចក្រយានយន្តមានចំនួន ៧២២ គ្រឿង និងរថយន្តមានចំនួន ១១ ៦៥៦ គ្រឿង។
យានយន្តអគ្គិសនី មិនត្រឹមចូលរួមលើកកម្ពស់តម្លៃបរិស្ថាន និងសុខភាពសាធារណៈ រួមទាំងពង្រឹងសន្តិសុខថាមពល។ខណៈដែលពិភពលោកកំពុងប្រឈមមុខក្តីបារម្ភពីការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីយានយន្តប្រើចំហេះឥន្ធនៈ បណ្តាលឲ្យកើនឡើងកម្តៅផែនដី ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះគុណភាពខ្យល់់ និងការបំពុលបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅសម្រេចឲ្យបាន ៣ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ ២០៣០ រួមទាំងដាក់ចេញគោលនយោបាយជាតិស្តីពីយានយន្តអគ្គិសនី សម្តៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មី និងឈានសម្រេចប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងពិព័រណ៍យានយន្តអគ្គិសនីកាលពីពេលកន្លងទៅនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យយន្តការលើកទឹកចិត្ត ក្នុងការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងសាធារណការដែលជាក្រសួងជំនាញបានគិតគូរពីការប្រើប្រាស់គ្រឿងបន្លាស់ និងបទដ្ឋានបច្ចេកទេសផ្សេងៗ រួមទាំងក្រសួងរ៉ែ និងថាមពល ដែលកំពុងរៀបចំផែនទីក្នុងការអភិវឌ្ឍស្ថានីយបញ្ចូលអគ្គិសនីបន្ថែម។
បន្ថែមពីនេះ ដើម្បីជំរុញសន្ទុះការប្រើប្រាស់យានយន្តអគ្គិសនីឈានឲ្យបាន ៣ ម៉ឺនគ្រឿងត្រឹមឆ្នាំ ២០៣០ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីបន្ថែមគឺចាំបាច់ណាស់ ដើម្បីឆ្លើយតបកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


