Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​ ពិចារណា​​ដកការគាំទ្រ​​អង់គ្លេស​ក្នុងជម្លោះ​កោះ​ Falkland ជាមួយអាហ្សង់ទីន​

បានផុស

នៅ

របាយការណ៍​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ បាន​​បង្ហាញ​ថា​ សហរដ្ឋអាមេរិកកំពុងពិចារណាពិនិត្យឡើងវិញ លើ​ការ​ទាម​ទាររបស់​អង់គ្លេស​លើ​កោះ Falkland ខណៈ​អង់​គ្លេស​មិន​បានគាំទ្រ​អាមេរិក​លើ​សង្រ្គាម​អ៊ីរ៉ង់​ ដែល​​អាមេរិក​ចាត់ទុកថា​ វាជា​ការផ្តន្ទាទោស​​លើ​ភាព​បរាជ័យ​របស់​ទីក្រុង​ឡុង​ដ៍។

យោង​តាម​សារព័ត៌មានអង់​គ្លេស The Independent បាន​ផ្សាយ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ក្នុង​អ៊ីមែល​ផ្ទៃក្នុង​របស់មន្ទីរបញ្ចកោណ មន្ត្រី​អាមេរិក​ម្នាក់​បាន​លើក​ឡើង​ពីគំនិត​នៃការវាយតម្លៃ​ឡើងវិញ​ នូវការគាំទ្រផ្នែក​ការទូត​របស់​ទីក្រុងវ៉ាស៊ីនតោន​ ចំពោះ «កម្ម​សិទ្ធិអធិរាជ» របស់​អឺរ៉ុប ដូច​ជា​ កោះ Falkland ជាដើម។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា​ ប្រទេសដែលចង់បានកោះ Falkland ខ្លាំងបំផុតពី​ប្រទេសអាហ្សង់ទីន ដែល​បានឈ្លោះប្រកែក​គ្នា​ពី​អធិបតេយ្យភាពរបស់​អង់គ្លេសចាប់​​តាំងពីសង្គ្រាម Falklands ឆ្នាំ ១៩៨២ ។

ចាប់តាំងពីការចាប់ផ្តើម​នៃ​ជម្លោះនោះ​មក អាមេរិក​គឺដើរតួនាទីជា​សម្ព័ន្ធមិត្តដ៏មានឥទ្ធិពលមួយ​នៅ​ពីក្រោយអង់គ្លេស​ និង​មាន​ជំហរផ្នែក​ការទូត​យ៉ាង​សំខាន់​សម្រាប់​​អង់គ្លេស​។

មិន​តែ​ប៉ុណ្ណោះ អ៊ីមែល​​នោះ​ក៏​បាន​ស្នើ​ឱ្យ​ផ្អាក​ប្រទេស​អេស្ប៉ាញ​ពីអង្គការណាតូ​ផង​ដែរ បន្ទាប់​ពីរិះគន់​អាមេរិក​យ៉ាង​ចាស់​ដៃ​លើសង្គ្រាម​នៅ​អ៊ីរ៉ង់ ​​និងហាមឃាត់​ប្រទេសដែល​មិនចុះ​សម្រុង​ចេញ​ពី​ដំណែង​​កំពូលៗ​ក្នុង​សម្ព័ន្ធភាពយោធាទៀត​ផង។

រឿង​នេះ​កើតឡើង បន្ទាប់ពីយោធាអាមេរិកប្រកាសថា នាវា​ផ្ទុក​យន្ត​ហោះ​ទីបី USS George HW Bush បាន​ចូលទៅក្នុងមជ្ឈិមបូព៌ា ខណៈ​ទីក្រុងវ៉ាស៊ីនតោន​កំពុង​បន្តកិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន​ ដើម្បី​ដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ឱ្យ​ធ្វើកិច្ចព្រមព្រៀង​សន្តិភាព​តាម​លក្ខខណ្ឌ​របស់​អាមេរិក​។

លោក ត្រាំ ​និយាយថា ទីក្រុងតេហេរ៉ង់ប្រហែល​ជាបានផ្ទុកអាវុធរបស់​ពួកគេ​បន្តិចបន្តួច អំឡុង​ពេលបទឈប់បាញ់ជាមួយទីក្រុងវ៉ាស៊ីនតោន ​ប៉ុន្តែយោធាអាមេរិកអាចបញ្ចប់វា​ក្នុងរយៈពេលប្រហែល​មួយ​ថ្ងៃប៉ុណ្ណោះ​។

ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់​អ៊ីស្រាអែ​ល-លីបង់ត្រូវបាន​បន្ត​រយៈពេល​បីសប្តាហ៍​ទៀត​។

ប្រធានាធិបតីអាមេរិក​រូបនេះ​មានប្រសាសន៍​ពីការិយាល័យសេតវិមាន​ កាលពីថ្ងៃព្រហស្បតិ៍ថា៖ « យើងមានកិច្ចប្រជុំដ៏អស្ចារ្យជាមួយមន្ត្រី​ជាន់ខ្ពស់​នៃប្រទេសលីបង់និងមន្ត្រី​ជាន់ខ្ពស់នៃប្រទេសអ៊ីស្រាអែល»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម