Connect with us

កីឡា

បឹងកេត ប៉ះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជាមួយកំណត់​ត្រា​ មិន​ទាន់​ធ្លាយ​គ្រាប់​បាល់ ពានសម្តេច​តេជោ ​រដូវ​កាលនេះ

បានផុស

នៅ

វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​ពុធ ទី​២៩ ខែ​មេសា ឆ្នាំ ២០២៦ បឹងកេត ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ទទួល​ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រាប់​ការ​ប្រកួត​ជើង​ទី​១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បឹងកេត ​បាន​ឆ្លង​កាត់ ៤ ប្រកួត​ហើយ​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​ រដូវ​កាល​នេះ​ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ និង​រក្សា​សំណាញ់​ទី​របស់​ខ្លួន​បាន​យ៉ាង​ស្អាត។ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បឹងកេត បាន​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម ឡាយអ៊ិនឃីង ខេត្ត​សៀមរាប ទាំង​ពីរ​ជើង​ចំនួន ១១ គ្រាប់​ គឺ​ការ​ប្រកួត​ជើង​ទី១ ឈ្នះ ១០-១ និង​ការ​ប្រកួត​ជើង​ទី២ ឈ្នះ ១-០។

នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ពួក​គេ​បាន​យក​ឈ្នះ​ក្រុម កង​យោធពលខេមរភូមិន្ទ ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៤-០ គឺ ជើង​ទី១ ឈ្នះ ២-០ និង​ជើង​ទី​២ ឈ្នះ ២-០ ទៀត។ សរុប​ទៅ​ឆ្លង​កាត់ ៤ ប្រកួត​កន្លង​មក បឹងកេត ស៊ុត​ចូល​ដៃ​គូ​ចំនួន ១៥ គ្រាប់។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង​ វិញ​សុទ្ធ​តែ​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល​គ្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​រដូវ​កាល​នេះ។ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ពួក​គេ​បាន​ឈ្នះ ក្រុម​បាត់ដំបង យណៃធីត ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ១៧-៣ គឺឈ្នះ ៥-២ ក្នុង​ជើង​ទី១ និង​ឈ្នះ ១២-១ ក្នុង​ជើង​ទី​២។

ចំណែក​នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ គិរីវង់សុខសែន​ជ័យ ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៥-៣។ នៅ​ជើង​ទី១ គិរីវង់សុខសែន​ជ័យ បាន​ឈ្នះដោយ​លទ្ធផល ២-១ ប៉ុន្តែ​នៅ​ជើង​ទី​២ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ ៤-១។ ដូច្នេះ​ឆ្លង​កាត់ ៤ ប្រកួត ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៣ និងចាញ់ ១ ស៊ុត​ចូល​ដៃ​គូ​ចំនួន ២២ គ្រាប់ និង​ត្រូវ​គូ​ស៊ុត​ចូល​វិញ ៦ គ្រាប់។

បើ​ក្រឡេ​ក​មើល​ប្រវត្តិ​ជួប​គ្នា ៣ លើក​​ក្នុង​លីគ​រដូវ​កាល​នេះវិញ ក្រុម​ទាំង​ពីរ​ឈ្នះ១ ស្មើ១ និង​ចាញ់១ដូច​គ្នា។ ជើង​ទី១ ជុំ​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ហើយ​នៅ​ជើង​ទី​២ បឹងកេត បាន​យក​ឈ្នះ ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ វគ្គ Top 6 ជើង​ទី១ ក្រុម​ទាំង​ពី​រស្មើ​គ្នា ១-១។

នៅល្ងាច​នេះ​ដែរ វិសាខា ​​ប្រកួត​ជា​មួយ អាយអេសអាយ ដង្កោសែន​ជ័យ ក្នុង​ជើង​ទី២ នៅ​កីឡដ្ឋាន ISI Park។ វិសាខា មាន​ភាព​កក់​ក្តៅ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ បន្ទាប់​ពី​ជើង​ទី១ ពួក​គេ​បាន​ឈ្នះ​ដោយ​លទ្ធផល ៣-០៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម