ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា ជនស្លូតត្រង់ ៥នាក់ ស្លាប់ ក្នុងការវាយប្រហាររបស់អាមេរិក នៅច្រកសមុទ្រហ័រមូស
ស្ថានការណ៍នៅច្រកសមុទ្រហ័រមូស បានប្រែជាក្ដៅគគុកសាជាថ្មី បន្ទាប់ពីមានរបាយការណ៍ថា មនុស្សស្លូតត្រង់ចំនួន ៥នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហាររបស់កងកម្លាំងអាមេរិក ទៅលើទូកដឹកទំនិញតូចៗ។

យោងតាមភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim ចុះផ្សាយថ្ងៃទី៥ ខែឧសភា នេះ ការស៊ើបអង្កេត បានបង្ហាញថា ទូកដែលរងគ្រោះ គឺជាទូកដឹកទំនិញរបស់ប្រជាពលរដ្ឋធម្មតា ដែលកំពុងធ្វើដំណើរពីឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ សំដៅទៅកាន់ប្រទេសអ៊ីរ៉ង់ មិនមែនជាទូកចម្បាំង ដូចការចោទប្រកាន់នោះទេ។
ខាងភាគីអ៊ីរ៉ង់ បានច្រានចោលទាំងស្រុងនូវការអះអាងរបស់យោធាអាមេរិក ដែលថា ពួកគេបានកម្ទេចទូកល្បឿនលឿនរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ ប្រភពពីយោធាអ៊ីរ៉ង់ បានលើកឡើងថា គ្មានទូកចម្បាំងណាមួយរបស់ខ្លួន រងការវាយប្រហារឡើយ ហើយការបាញ់ប្រហារលើទូកស៊ីវិលនេះ គឺជាទង្វើដែលកើតចេញពី «ភាពភ័យខ្លាច» របស់អាមេរិក ចំពោះប្រតិបត្តិការយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់។ អ៊ីរ៉ង់ បានចាត់ទុកសកម្មភាពនេះថាជា ការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ និងខ្វះការពិចារណា ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សស្លូតត្រង់។
ដោយឡែក បញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានចេញមុខមកបកស្រាយខុសពីនេះ ដោយបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ខ្លួន ពិតជាបានកម្ទេចទូកតូចៗទាំងនោះមែន ដោយសារតែទូកទាំងនោះ បានបង្កការគំរាមកំហែងដល់នាវាពាណិជ្ជកម្ម។ អាមេរិក ថែមទាំងបានចោទប្រកាន់អ៊ីរ៉ង់ទៀតថា បានបើកការបាញ់ប្រហារលើនាវាចម្បាំង និងនាវាដឹកទំនិញរបស់ខ្លួន កាលពីថ្ងៃចន្ទ កន្លងទៅ ដែលជាហេតុធ្វើឲ្យអាមេរិក ត្រូវចាត់វិធានការដើម្បីការពារសុវត្ថិភាពផ្លូវទឹកដ៏សំខាន់មួយនេះ។
ជម្លោះនៅក្នុងតំបន់នេះ បានចាប់ផ្ដើមឆេះឡើងជាលំដាប់ ចាប់តាំងពីមានការវាយប្រហារគ្នាទៅវិញទៅមករវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ថ្វីដ្បិតធ្លាប់មានការព្រមព្រៀងឈប់បាញ់គ្នា ក្រោមការសម្រុះសម្រួលពីប៉ាគីស្ថាន ក៏ដោយ ក៏កិច្ចចរចាកន្លងមក មិនទាន់ឈានដល់កិច្ចព្រមព្រៀងយូរអង្វែងណាមួយឡើយ។ បច្ចុប្បន្ន អាមេរិកនៅតែបន្តការបិទខ្ទប់ផ្លូវទឹក ប្រឆាំងនឹងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យស្ថានភាពសន្តិសុខ នៅក្នុងច្រកសមុទ្រហ័រមូស កាន់តែមានភាពប្រកាសអាសន្ន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


