ព័ត៌មានអន្ដរជាតិ
វិបត្តិបំណុល៖ កសិករថៃ ២លាននាក់ ប្រឈមនឹងការជំពាក់លុយគេ អស់មួយជីវិត
ជីវភាពរបស់កសិករថៃ កំពុងតែធ្លាក់ក្នុងស្ថានភាពដុនដាបគួរឲ្យបារម្ភ បន្ទាប់ពីការសិក្សាថ្មីមួយ បានរកឃើញការពិតដ៏ជូរចត់ថា កសិករជាងពាក់កណ្តាល ដែលបានខ្ចីបុលគេ ទំនងជាគ្មានសមត្ថភាពអាចសងបំណុលវិញបានឡើយ សូម្បីតែដល់ថ្ងៃ ដែលពួកគេចាកចេញពីលោកនេះទៅក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Pime Asia News កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារកណ្តាលថៃ។

កសិករប្រមាណជា ២លាននាក់ នឹងមិនអាចរើខ្លួនរួចពីគំនរបំណុល ក្នុងពេលអនាគតបានទេ ហើយអ្នកខ្លះទៀត អាចនឹងបន្តសងបំណុលរហូតដល់វ័យលើសពី ៧០ឆ្នាំ ដែលជាវ័យមិនអាចរកចំណូលបានទៀតឡើយ។
បញ្ហាដ៏ចាក់ស្រែះនេះ កើតឡើង ដោយសារកត្តាសំខាន់ពីរ គឺ សមត្ថភាពក្នុងការរកចំណូលទាប និងទម្លាប់នៃការសងប្រាក់មិនមានប្រសិទ្ធភាព។ កសិករភាគច្រើន កំពុងប្រឈមនឹងបញ្ហាចំណូលមិនទៀងទាត់ និងមិនសមស្របទៅនឹងពេលវេលា ដែលត្រូវសងធនាគារ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺថា កសិករខ្លះទោះបីជាខំប្រឹងកែប្រែទម្លាប់ចាយវាយយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចសងរួចដែរ ព្រោះបំណុល ដែលពួកគេជំពាក់ គឺមានចំនួនច្រើនហួសពីលទ្ធភាពជាក់ស្ដែងបាត់ទៅហើយ។
ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ ចំនួនកសិករ ដែលសងបានតែការប្រាក់ ប៉ុន្តែមិនអាចកាត់បន្ថយប្រាក់ដើមបានសោះ បានកើនឡើងយ៉ាងគំហុកពី ២០ភាគរយ ដល់ជាង ៥០ភាគរយ។ កន្លងមក រដ្ឋាភិបាលថៃ បានព្យាយាមជួយ តាមរយៈការផ្អាកការសងបំណុលបណ្ដោះអាសន្ន ឬការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែវិធានការទាំងនោះហាក់បីដូចជា ការបិទបាំងមុខរបួសតែមួយគ្រាៗប៉ុណ្ណោះ ហើយថែមទាំងធ្វើឲ្យវដ្តបំណុលកាន់តែរុំកោះខ្លាំងជាងមុនទៅវិញ។ បច្ចុប្បន្ន កម្រិតបំណុលមធ្យមរបស់កសិករ បានកើនឡើងរហូតដល់ ២៥០ ០០០បាត (ប្រហែលជាង ៧ ០០០ដុល្លារ) ដែលជាតួលេខខ្ពស់ជាងគ្រួសារទូទៅដល់ទៅ ៣ដង។
តាមពិតទៅ បញ្ហាបំណុលនេះ អាចនឹងធ្ងន់ធ្ងរជាងអ្វី ដែលយើងបានឃើញនៅក្នុងតួលេខផ្លូវការទៅទៀត ព្រោះកសិករជាច្រើន នៅតែព្យាយាមខាំធ្មេញសងប្រាក់បន្តិចបន្តួច ដើម្បីកុំឲ្យខូចឈ្មោះ ប៉ុន្តែតាមពិត ពួកគេកំពុងជាប់ក្នុង «អន្ទាក់បំណុលអចិន្ត្រៃយ៍» រួចទៅហើយ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារកណ្តាលថៃ បានជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់គោលនយោបាយជួយរយៈពេលខ្លី ដែលគ្មានប្រសិទ្ធភាព ហើយងាកមកកែទម្រង់រចនាសម្ព័ន្ធកសិកម្មទាំងមូលវិញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយគ្រប់គ្រងឥណទាន និងសំខាន់បំផុត គឺត្រូវរកវិធីធ្វើយ៉ាងណាឲ្យកសិករអាចរកចំណូលបានកាន់តែច្រើន និងមានស្ថិរភាពជាងមុន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


